ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះរាជសារជូន ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO) ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម សិនហ្សូ អាបេ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ កន្លងទៅដោយសារជនទុច្ចរិតបានបាញ់ប្រហារយ៉ាងព្រៃផ្សៃ ខណៈដែលឯកឧត្តមកំពុងតែថ្លែងសុន្ទរកថា ក្នុងការឃោសនាមួយនៅទីក្រុងណារ៉ាប្រទេសជប៉ុន។
យោងតាមព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានមានព្រះរាជបន្ទូលថា ព្រះអង្គពិតជាមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង ដែលទទួលបានដំណឹងមរណភាព របស់ឯកឧត្ដម អាបេ សិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន (ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០)។
នៅក្នុងព្រះរាជសាររបស់ព្រះអង្គ បានមានបន្ទួលលើកឡើងទៀតថា«ប្រទេសកម្ពុជាទាំងមូល ប្រជាជន រដ្ឋាភិបាល សភាជាតិ គ្រួសាររាជ្យវង្ស និងខ្លួនខ្ញុំផ្ទាល់សូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំជាមួយព្រះចៅអធិរាជ និងប្រជាជាតិជប៉ុនទាំងមូល។ យើងទាំងអស់គ្នាសូមគោរព និងរំលឹកដល់វិញ្ញាណក្ខន្ធដល់ ឯកឧត្ដមអតីតនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជប៉ុន»។ «ខ្ញុំចងចាំជានិច្ចនូវអនុស្សាវរីយ៍របស់ខ្ញុំជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រីអាបេ សិនហ្សូ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទីក្រុង តូក្យូ កាលពីខែតុលា ឆ្នាំ២០១៩ ដើម្បីចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះអង្គជាព្រះចៅអធិរាជជប៉ុន»។
នៅក្នុងព្រះរាជសារនេះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានបន្ទូលទៀតថា ប្រជាជនកម្ពុជាទាំងប្រុស ទាំងស្រី នឹងមិនអាចបំភ្លេចបានឡើងនូវគុណ និងការគំាទ្រយ៉ាងមានតម្លៃ ដែលឯកឧត្ដមនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ ដែលបានចូលរួមចំណែកក្នុងនាមប្រទេសជប៉ុន ដើម្បីជួយកម្ពុជាលើវិស័យស្ថាបនាជាតិ។
ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ។ ការបាត់បងជីវិតរបស់រដ្ឋបុរសជប៉ុនរូបនេះ ដោយសារតែជនទុច្ចរិតបានបាញ់ប្រហារយ៉ាងព្រៃផ្សៃ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ ក្រោយពីឮដំណឹងចំពោះមរណភាពឯកឧត្តម ស៊ិនហ្សូ អាបេនេះ ថ្នាក់ដឹកនាំបណ្តាពិភពលោក រួមទាំងថ្នាក់ដឹកនាំកម្ពុជា អ្នកនយោបាយជាន់ខ្ពស់កម្ពុជា និងប្រជាជនកម្ពុជា បានចូលរួមចំពោះមរណទុក្ខដ៏គួរឲ្យរន្ធត់មួយនេះ។
ជាមួយនឹងមរណភាពរបស់ឯកឧត្តម ស៊ីនហ្សូអាបេនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យមានការកាន់ទុក្ខនៅទូទាំងប្រទេសកម្ពុជា ដោយប្រកាសឲ្យមានការបង្ហូតទង់ជាតិពាក់កណ្តាលដង នាថ្ងៃអាទិត្យទី១០ម្សិលមិញផងដែរ ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តីបានថ្លែងថាមរណភាពរបស់ឯកឧត្តម អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។
នៅរសៀលថ្ងៃទី១១ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់