អ៊ុយក្រែន៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១៥នាក់ស្លាប់ និងជាង ២០នាក់ត្រូវគេបារម្ភថាបានជាប់ក្នុងគំនរកម្ទេចថ្ម ក្រោយគ្រាប់រ៉ូកែតរបស់រុស្ស៊ីប៉ះចំប្លុកអគារលំនៅឋានកម្ពស់ ៥ជាន់នៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ខណៈក្រុមអ្នកជួយសង្គ្រោះបានជីកកកាយតាមគំនរកម្ទេចថ្ម។

អ៊ុយក្រែនក៏បានរាយការណ៍ផងដែរ ពីការប៉ះទង្គិចគ្នាជាមួយទាហានរុស្ស៊ីនៅសមរភូមិជួរមុខ ក្នុងភាគខាងកើត និងខាងត្បូង ខណៈដែលក្រុង Moscow អះអាងថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើឃ្លាំងស្តុកកាំភ្លើងធំ M777 ផលិតដោយសហរដ្ឋអាមេរិករបស់ទាហានអ៊ុយក្រែនជិតទីក្រុង Kostyantynivka ក្នុងតំបន់ Donetsk។ អភិបាលតំបន់ Donetsk លោក Pavlo Kyrylenko បាននិយាយថា ការវាយប្រហារលើអគារអឹផាតមិនបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងទីក្រុង Chasiv Yar។ អង្គភាពសង្គ្រោះបន្ទាន់ប្រចាំតំបន់បានផ្ដល់ចំនួនអ្នកស្លាប់ ១៥នាក់កាលពីរសៀលថ្ងៃអាទិត្យ។
លោក Kyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានសរសេរលើបណ្ដាញសង្គមថា មនុស្ស ៦នាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរកម្ទេចថ្មនៅទីក្រុង Chasiv Yar ហើយថា មនុស្ស ២៣នាក់រួមទាំងកុមារម្នាក់នៅតែត្រូវបានកប់ក្នុងកម្ទេចថ្មនៅឡើយ៕
អត្ថបទ៖ សុខមាន