ជប៉ុន៖ គណបក្សកំពុងកាន់អំណាច និងដៃគូចម្រុះរបស់ខ្លួននៅប្រទេសជប៉ុន បានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ដែលអាចត្រូវបានជំរុញដោយសារតែក្ដីអាណិតអាសូរពីអ្នកបោះឆ្នោត ក្រោយការធ្វើឃាតលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។

លទ្ធផលបឋមក្នុងការប្រកួតប្រជែងសម្រាប់សភាជាន់ខ្ពស់បង្ហាញថា គណបក្សកាន់អំណាចរបស់លោក Abe និងដៃគូចម្រុះតូចរបស់ខ្លួន Komeito កំពុងទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងសភា និងទទួលបានសំឡេងគាំទ្រច្រើនថែមទៀត។ ថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការកាលពីថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីលោក Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈកំពុងថ្លែងសុន្ទរកថាត្រូវបានធ្វើឡើងក្រោមការរឹតបន្តឹងសន្តិសុខ ខណៈក្រុមមេដឹកនាំគណបក្សនេះបានប្ដេជ្ញាប្រកាន់ភ្ជាប់ការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ និងកាត់បន្ថយអំពើហិង្សា។ កាលពីថ្ងៃអាទិត្យ នគរបាលក្នុងប្រទេសជប៉ុននៅភាគខាងលិចបានបញ្ជូនជនដៃដល់ ទៅកាន់ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ដើម្បីស៊ើបអង្កេតបន្ថែមទៀត។ មន្ត្រីនគរបាលជាន់ខ្ពស់ក្នុងតំបន់មួយរូបបានទទួលស្គាល់ ពីការធូររលុងផ្នែកសន្តិសុខដែលបណ្ដោយឲ្យខ្មាន់កាំភ្លើងអាចចូលទៅជិត និងបាញ់សម្លាប់អតីតមេដឹកនាំជប៉ុនដែលនៅតែមានឥទ្ធិពលខ្លាំងនៅឡើយ។
ការរាប់សន្លឹកឆ្នោតបឋមបានបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរីនិយមដែលកំពុងកាន់អំណាច នឹងទទួលបានយ៉ាងហោចណាស់ 143អាសនៈនៅក្នុងសភាជាន់ខ្ពស់ដែលមានសមាជិក 248រូប ជាព្រឹទ្ធសភាពដែលមានអំណាចតិចជាងគេក្នុងចំណោមសភាទាំងពីរ។ នេះគឺជាការបោះឆ្នោតពាក់កណ្តាលអាណត្តិរយៈពេល ៦ឆ្នាំថ្មីរបស់សភាជាន់ខ្ពស់។ ដោយមានការជំរុញដ៏សំខាន់លោកនាយករដ្ឋមន្ត្រី Fumio Kishida នឹងកាន់អំណាចដោយគ្មានការរំខាន រហូតដល់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដែលបានគ្រោងទុកនៅឆ្នាំ2025៕
អត្ថបទ៖ សុខមាន