ប្រដាល់៖ កីឡាករប្រដាល់គុនខ្មែរ ធន់ ផានិត បានបាត់បង់បីពិន្ទុក្នុងប្រកួតដំបូងរបស់ខ្លួននៃការប្រកួតព្រឹត្តិការណ៍ “ម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវ” រដូវកាលទី៨ ក្រោយចាញ់កីឡាករថៃ ផាត់ថាណា ស៊ីតអាចានវីន។

ចាប់ផ្តើមរដូវកាលថ្មីនៃការប្រកួតដណ្តើមខ្សែក្រវាត់ក្នុងប្រភេទទំងន់ ៦០គីឡូក្រាមនេះ ធន់ ផានិត ដែលកូនសិស្សរបស់អតីតកំពូលកីឡាករប្រដាល់គុនខ្មែរលោក ធន់ សុភា មកសមាគមកីឡាប្រដាល់ក្រសួងការពារគឺជាបេក្ខភាព ឈានមុខគេម្នាក់ដែលគិតថា មានលទ្ធភាពអាចដណ្តើមខ្សែក្រវាត់រដូវកាលនេះបាន។ តែការប្រកួតដំបូងរបស់ខ្លួននៅចំពោះមុខអ្នកគាំទ្រពេញស្ទូឌីយោបាយ័នស្ទឹងមានជ័យ កីឡាករថៃ ផាត់ដាណា ស៊ីតអាចានវីន ដែលមានបទពិសោធក្រាសក្រែលនៅប្រទេសថៃ និងការចេញប្រឡូកលើឆាកអន្តរជាតិនោះ បានបង្ហាញពីភាពម៉ឺងម៉ាត់ និងចេញរាល់ក្បាច់របស់ខ្លួនច្បាស់ៗធ្វើឱ្យកីឡាករកម្ពុជា ធន់ ផានិត មានការលំបាក។ យ៉ាងណាក្តី ផានិត បានព្យាយាមវាយបកទៅវិញតាមលទ្ធភាពដែលអាចធ្វើទៅបាន និងធ្វើឱ្យគូប្រកួតថៃក៏ពិបាកនឹងយកឈ្នះដោយងាយៗដែរ។ ការប្រកួតបញ្ចប់ប្រាំទឹកដោយកីឡាករថៃ ផាត់ថាណា យកឈ្នះដោយពិន្ទុ តែ ផានិត បានទទួលការកោតសរសើរពី មជ្ឈដ្ឋានអ្នកគាំទ្រគុនខ្មែរថា ជាកីឡាករដែលមានការតស៊ូ អំណត់ មិនខ្លាចគូប្រកួត បើទោះជាចាប់ផ្តើមពីរទឹកដំបូងធ្វើមិនបានល្អ តែអាចស្រោចស្រង់ស្ថានការណ៍មកវិញរហូតបញ្ចប់ប្រាំទឹក។ នេះជាបីពិន្ទុទីពីរសំរាប់កីឡាករថៃ បន្ទាប់ពី រ៉ាក់ថែ ស៊ីតអាចានបៀ យកឈ្នះ ផាន ផាន់ណាត់ សប្តាហ៍មុន។
ដោយឡែកសំរាប់កីឡាករកម្ពុជាមួយរូបទៀតគឺកីឡាករ ជ័រ ពៅ មិនធ្វើឱ្យទស្សនិកជនខកបំណងឡើយក្រោយយកឈ្នះកីឡាករថៃ ផេតម៉េតម៉ៃ ស៊ីតណងឡេក ដោយពិន្ទុ។ នេះក៏ជាបីពិន្ទុទីពីរផងដែរសំរាប់កីឡាករកម្ពុជាបន្ទាប់ពី ពេជ្រ សម្បត្តិ យកឈ្នះកីឡាករថៃ ទួនប៉េ ស៊ីតសាមផាយ៉ាក សប្តាហ៍មុន។ ជុំទី២ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយគឺជាជំនួបរវាង ផាន ផាន់ណាត់ ជួបជាមួយ ទួនប៉េ ស៊ីតសាមផាយ៉ាក និង ពេជ្រ សម្បត្តិ ជួបជាមួយ រ៉ាក់ថែ ស៊ីតអាចានបៀរ៕
អត្ថបទ៖នាង សុភាវុធ