អ៊ុយក្រែន៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានជំរុញជនស៊ីវិលក្នុងតំបន់ Kherson ភាគខាងត្បូងគ្រប់គ្រងដោយរុស្ស៊ីចាកចេញភ្លាមៗ ស្របពេលកម្លាំងអ៊ុយក្រែនកំពុងត្រៀមវាយបកលើកងកម្លាំងរុស្ស៊ីនៅទីនោះ។ អ៊ុយក្រែនបានបាត់បង់ការគ្រប់គ្រងភាគច្រើននៃសមុទ្រខ្មៅរបស់តំបន់ Kherson រួមទាំងទីក្រុង Kherson ផងដែរនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ដំបូង ក្រោយការវាយលុករបស់រុស្ស៊ីកាលពីថ្ងៃទី២៤កុម្ភៈ។

លោកស្រីឧបនាយករដ្ឋមន្ត្រី Iryna Vereshchuk បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិថា វាច្បាស់ណាស់ថានឹងមានឆាកប្រយុទ្ធគ្នា វានឹងមានការវាយប្រហារដោយគ្រាប់កាំភ្លើងធំ ហើយយើងជំរុញដល់ប្រជាពលរដ្ឋឲ្យចាក់ចេញជាបន្ទាន់។ លោកស្រីថា លោកស្រីមិនអាចនិយាយថា ការវាយប្រហារប្រឆាំងការរុលទៅមុខនឹងកើតឡើងពេលណាឲ្យប្រាកដនោះទេ។ លោកស្រីបន្ថែមថា ខ្ញុំដឹងច្បាស់ណាស់ថាមិនគួរមានស្ត្រី និងកុមាររស់នៅទីនោះទេ ហើយថា ពួកគេមិនគួរក្លាយជាខែលមនុស្សឡើយ។
តំបន់ Kherson រួមទាំងទីក្រុង Kherson មានប្រជាជនរស់នៅជិត 300,000នាក់មុនពេលមានសង្គ្រាម។ គេមិនដឹងទេថា តើមានប្រជាពលរដ្ឋប៉ុន្មាននាក់នៅតែបន្តរស់នៅក្នុងទីក្រុងនោះ។ ក្រុមអាជ្ញាធរតំបន់ Kherson ដែលលើកបន្តុបដោយរុស្ស៊ីនិយាយថា ពួកគេចង់ធ្វើប្រជាមតិស្តីពីការបំបែកខ្លួនទៅជាមួយរុស្ស៊ី ប៉ុន្តែពួកគេមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ។ វិមានក្រឹមឡាំងនិយាយថា អនាគតរបស់តំបន់នេះគួរតែត្រូវបានកំណត់ដោយអ្នកស្រុករបស់ខ្លួន៕
អត្ថបទ៖ សុខមាន