ភ្នំពេញ៖ ម្ចាស់សហគ្រិននៅក្នុង ដែលទទួលកញ្ចប់ហិរញ្ញប្បទានពិសេសពីរាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្ម ផលិត និងផ្គត់ផ្គង់ ដើម្បីរួមចំណែកដល់ការស្តារ និងជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩។
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ថា ការផ្តល់សហហិរញ្ញប្បទានរបស់រាជរដ្ឋភិបាល នាពេលកន្លងមកនេះ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីជួយទប់លំនឹងអាជីវកម្ម និងការពង្រីកសក្តានុពលផលិតជាដើម។
លោកឧកញ៉ា រំពឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលជាសេនាធិការ នឹងបន្តផ្តល់នូវកញ្ចប់ថវិការផ្សេងៗទៀត ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែកដល់ការស្តារ និងជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩ នេះ។
សូមរំលឹកថា៖ នៅក្នុងវិបត្តិជំងឺកូវីដ ១៩, រាជរដ្ឋាភិបាល តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម មានចំនួនទឹកប្រាក់សរុប ២០០ លានដុល្លារអាមេរិក ក្នុងនោះសម្រាប់ការអនុវត្តជំហានទី១ មានទំហំទឹកប្រាក់ ១០០ លានដុល្លារ ដោយបានផ្តល់ប្រាក់កម្ចីជួយដល់សហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៧៥៣ សហគ្រាស។
ចំណែកគម្រោងសហហិរញ្ញប្បទានជំហានទី២ មានទំហំទឹកប្រាក់ ១០០ លានដុល្លារអាមេរិកដូចគ្នា បានបន្តសកម្មភាព ដើម្បីរួមចំណែកក្នុងការកសាងសហគ្រិនភាព ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី