ភ្នំពេញ៖ គិតត្រឹមរយៈពេល ៥ខែ ដើមឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់សរុបចំនួនប្រមាណ ៣.៨៤ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៤.៥% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ៣.៣៥ ប៊ីលានដុល្លារ។
យោងតាមរបាយការណ៍ការងាររបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ ទទួលបាននៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២២នេះ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងខែឧសភា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់សរុបចំនួន ៩២៣.២លានដុល្លារ កើនឡើងជាង ២៤% បើធៀបនឹងខែមេសា ដែលមានទឹកប្រាក់ ៧៤១.៥លានដុល្លារអា ក្នុងនោះការនាំចេញពីកម្ពុជាទៅថៃ មានតម្លៃ ៨៩.៨លានដុល្លារ ធ្លាក់ចុះ ១.១៤% ធៀបនឹងខែមុន ដែលតម្លៃ ៩០.៨លានដុល្លារ ។ ចំណែកការនាំចូលពីថៃ មានតម្លៃ ៨៣៣.៤លានដុល្លារ ធ្លាក់ចុះ ២៨.១% ធៀបនឹងខែមុន ដែលមានតម្លៃ ៦៥០.៧លានដុល្លារ។
ប្រភពខាងលើ បានបញ្ជាក់ថា ផលិតផលកសិកម្ម វត្ថុធាតុដើម ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ គឺជាប្រភេទទំនិញភាគច្រើនដែលថៃ បានទិញពីកម្ពុជា ខណៈលក់មកឱ្យវិញផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ត៍ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម។ល៕អត្ថបទ៖ បូរ៉ាវី
