សហភាពអឺរ៉ុប៖ បំពង់បង្ហូរឧស្ម័នដ៏ធំបំផុតដែលបញ្ជូនឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ ចាប់ផ្តើមជួសជុលប្រចាំឆ្នាំនៅថ្ងៃចន្ទនេះដោយលំហូរនេះបានរំពឹងទុកថា នឹងផ្អាករយៈពេល ១០ថ្ងៃ ប៉ុន្តែរដ្ឋាភិបាលទីផ្សារ និងក្រុមហ៊ុននានាបារម្ភថា ការបិទនេះអាចនឹងត្រូវបន្តដោយសារសង្គ្រាមនៅអ៊ុយក្រែន។

បំពង់បង្ហូរឧស្ម័ន Nord Stream 1 បញ្ជូនឧស្ម័នចំនួន ៥៥ពាន់លានម៉ែត្រត្រីគុណក្នុងមួយឆ្នាំចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ក្រោមសមុទ្របាល់ទិក។ បំពង់បង្ហូរឧស្ម័ននេះត្រូវត្រួតពិនិត្យចាប់ពីថ្ងៃទី១១ ខែកក្កដាដល់២១ ខែកក្កដា។ កាលពីខែមុនប្រទេសរុស្ស៊ីបានកាត់បន្ថយការបង្ហូរដល់ទៅ 40% នៃសមត្ថភាពសរុបរបស់បំពង់បង្ហូរឧស្ម័ន ដោយលើកឡើងពីការពន្យារពេលក្នុងការប្រគល់ឧបករណ៍ដែលក្រុមហ៊ុន Siemens Energy (ENR1n.DE) របស់អាល្លឺម៉ង់ជួសជុលនៅក្នុងប្រទេសកាណាដា។
សហភាពអឺរ៉ុបបារម្ភថា រុស្ស៊ីអាចពន្យារពេលត្រួតពិនិត្យ ដើម្បីរឹតត្បិតការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀតដោយទប់ស្កាត់ផែនការបំពេញកង្វះខាតសម្រាប់រដូវរងា និងបង្កឲ្យមានវិបត្តិឧស្ម័នដែលជំរុញឲ្យមានការចាត់វិធានការបន្ទាន់នានាពីបណ្ដារដ្ឋាភិបាល និងការចំណាយខ្ពស់សម្រាប់អតិថិជន។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck បាននិយាយថា ប្រទេសនេះគួរតែឈមនឹងលទ្ធភាពនៃការផ្អាកលំហូរឧស្ម័នតាមបំពង់ Nord Stream 1 របស់រុស្ស៊ី ហួសពីពេលវេលាត្រួតពិនិត្យដែលបានគ្រោង៕
អត្ថបទ៖ សុខមាន