បាល់ទាត់៖ ខ្សែប្រយុទ្ធ Bayern Munich, Robert Lewandowski នឹងអវត្តមានពីក្រុមជំរើសជាតិប៉ូឡូញក្នុងប្រកួតជំរុះ World Cup ២០២២ ពេលជួបអង់គ្លេសរាត្រីថ្ងៃអង្គារនេះដោយសាររបួសជង្គង់។ កីឡាករវ័យ ៣២ឆ្នាំរូបនេះបានទទួលរងរបួសនេះ ក្នុងការប្រកួតចុងសប្តាហ៍កន្លងទៅ ដែលប៉ូឡូញយកឈ្នះអង់ដូរ៉ា ៣-០ ខណៈអតីតខ្សែប្រយុទ្ធ Dortmund រូបនេះរកបានពីរគ្រាប់ម្នាក់ឯង។

សហព័ន្ធបាល់ទាត់ប៉ូឡូញបានបញ្ជាក់ថា របួសជង្គង់របស់ Lewandowski មិនធ្ងន់ធ្ងរឡើយ តែត្រូវសម្រាកយ៉ាងហោចណាស់ ១០ថ្ងៃ។ របួសរបស់ Lewandowski ក៏ជាក្តីបារម្ភសំរាប់ Bayern Munich ផងដែរ ខណៈក្រុមនាំមុខគេនៅអាល្លឺម៉ង់មួយ នេះនឹងត្រូវជួបជាមួយក្រុមជើងឯកបារាំង Paris Saint Germain ជើងទី១ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League នៅសប្តាហ៍ក្រោយ។ Lewandowski បានត្រលប់មកកាន់ប្រទេសអាល្លឺម៉ង់វិញហើយ ដើម្បីទទួលការព្យាបាលរបួសនេះ៕
អត្ថបទ៖នាង សុភាវុធ