កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានតាមដានគន្លងគ្រាប់ហោះជាច្រើន នូវអ្វីដែលទំនងជាត្រូវបានបាញ់ដោយកូរ៉េខាងជើង ពីប្រព័ន្ធកាំភ្លើងធំបាញ់គ្រាប់រ៉ូកែតពហុជំនាញ (MLRs) ដ៏ទំនើប។

នាយសេនាធិការចម្រុះកូរ៉េខាងត្បូងបានប្រកាសថា ការបាញ់ទាំងនោះត្រូវបានតាមដានបន្ទាប់ពីម៉ោង 6ល្ងាចម៉ោងនៅសិង្ហបុរី ហើយយោធាបានបង្កើនការឃ្លាំមើល និងបង្កើនកម្រិតប្រកាសអាសន្ន ដោយពុំបាននិយាយថានឹងមានការបាញ់បន្ថែមទៀតនោះទេ។ ជាញឹកញាប់កូរ៉េខាងជើងតែងបាញ់សាកល្បង ប្រព័ន្ធកាំភ្លើងធំបាញ់គ្រាប់រ៉ូកែតពហុជំនាញ MLRs អំឡុងសមយុទ្ធយោធា។ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ កូរ៉េខាងជើងក៏បានអភិវឌ្ឍន៍សមត្ថភាពគ្រាប់រ៉ូកែតរបស់ខ្លួនកាន់តែទំនើបដែរ។ គ្រាប់រ៉ូកែតតូចៗ និងមីស៊ីលត្រូវគេមើលឃើញថា ជាចំណុចស្នូលនៃផែនការរបស់កូរ៉េខាងជើងក្នុងការវាយប្រហារលើគោលដៅនានា នៅក្នុងប្រទេសកូរ៉េខាងត្បូងពេលមានជម្លោះ។
នៅឆ្នាំនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ រាប់ចាប់ពីមីស៊ីលបាលីស្ទីកអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួន រហូតដល់ប្រព័ន្ធកាំភ្លើងធំបាញ់គ្រាប់រ៉ូកែតពហុជំនាញ MLRs។ អាវុធទាំងអស់នោះត្រូវបានហាមប្រាម ក្រោមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានដាក់ទណ្ឌកម្មលើការអភិវឌ្ឍន៍មីស៊ីលរបស់កូរ៉េខាងជើង៕
អត្ថបទ៖ សុខមាន