បាល់ទាត់៖ ក្លិបបាល់ទាត់នៅតំបន់អឺរ៉ុបបានបន្តការងារយ៉ាងមមាញឹក ក្នុងការទិញដូរកីឡាករត្រៀមសំរាប់រដូវកាលថ្មីដែលនឹងចាប់ផ្តើមនៅខែក្រោយនេះ។ នៅក្របខណ្ឌអង់គ្លេស Premier League ក្រុមឡើងថ្មី Nottingham Forest បានបន្តនាំចូលកីឡាករថ្មីៗបន្ថែមទៀតក្នុងការបង្ហាញខ្លួនលើកដំបូង ក្រោយពីអវត្តមានពីក្របខណ្ឌកំពូលតាំងពីឆ្នាំ១៩៩៩។

ថ្មីៗនេះ Nottingham Forest បាននាំយកខ្សែការពារស្លាប Omar Richards ពី Bayern Munich តម្លៃ ១០លានផោនជាមួយនឹងកិច្ចសន្យារយៈពេល ៤ឆ្នាំ។ Richard ជាកីឡាករទី៥ ដែលមកកាន់ Nottingham Forest បន្ទាប់ពីអ្នកចាំទី Dean Henderson ខ្ចីជើងពី Manchester United, ខ្សែការពារកណ្តាល Moussa Niakhate ពី Mainz តម្លៃ ៨.៥លានផោន, ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Taiwo Awoniyi ពី Union Berlin តម្លៃ ១៧លានផោន, ខ្សែការពារកណ្តាល Giulian Biancone ពី Troyes តម្លៃ ៥លានផោន ហើយក៏ឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែការពារវែល Neco Williams ពី Liverpool តម្លៃ ១៧លានផោនទៀត។ ងាកមកក្រុមរួមលីគ Brentford ថ្មីៗនេះបាននាំយកខ្សែការពារស្កុតឡេន Aaron Hickey ពីក្លិបអ៊ីតាលី Bologna តម្លៃ ១៧លានផោន។ កីឡាករវ័យ ២០ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៤ឆ្នាំបន្ទាប់ពីធ្លាប់បង្ហាញខ្លួន ៣៦លើកនៅក្របខណ្ឌអ៊ីតាលី Serie A ក្រោយផ្លាស់ពីក្លិបស្កុតឡេន Heart of Midlothian កាលពីឆ្នាំ២០២០។

ងាកមក Spurs វិញថ្មីៗនេះទើបតែបាននាំយកខ្សែការពារកណ្តាលរបស់ Barcelona, Clement Lenglet ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាលបូករួមទាំងលក្ខខណ្ឌទិញផ្តាច់ផងដែរ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះមិនសូវមានតំណែង ១១ ដំបូងឡើយនៅ Barcelona តាំងពីការមកដល់របស់អ្នកចាត់ការ Xavi Hernandez។ Clement Lenglet ត្រូវបាន Barcelona នាំយកពី Sevilla កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ ៣៥.៩លានផោន។ Clement Lenglet បានក្លាយជាកីឡាករទី៥ ដែលមកដល់ Spurs បន្ទាប់ពី Ivan Perisic, Fraser Forster, Yves Bissouma និង Richarlison។ ជាមួយគ្នានោះដែរ Spurs ក៏បានបញ្ចេញខ្សែបម្រើស្លាបម្នាក់ដែរគឺកីឡាករហូឡង់ Steven Bergwijn ទៅកាន់ Ajax Amsterdam ក្នុងតម្លៃ ២៦លានផោន។ កីឡាករវ័យ ២៤ឆ្នាំជំរើសជាតិហូឡង់រូបនេះធ្លាប់ជាកីឡាកររបស់ Ajax ក្នុងកម្រិតយុវជន តែត្រូវបាន Spurs នាំយកពី PSV កាលពីខែមករា ឆ្នាំ២០២០ បង្ហាញខ្លួនសរុប ៨១លើករកបាន ៨គ្រាប់៕
អត្ថបទ៖នាង សុភាវុធ