ជប៉ុន៖ នគរបាលបានទទួលស្គាល់កំហុសផ្នែកសន្តិសុខនៅទីក្រុង Nara របស់ប្រទេសជប៉ុន ជាកន្លែងដែលអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ត្រូវបានគេធ្វើឃាត។

អ្នកកាន់ទុក្ខបានមកប្រមូលផ្តុំគ្នានៅគេហដ្ឋានរបស់លោក Abe និងនៅកន្លែងកើតហេតុនៃសោកនាដកម្មកាលពីថ្ងៃសុក្រនៅទីក្រុង Nara ភាគខាងលិច ជាកន្លែងដែលមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន ត្រូវបានបាញ់សម្លាប់នៅក្នុងអំពើហិង្សានយោបាយដ៏កម្រ ខណៈពេលលោកកំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការបោះឆ្នោត។ នគរបាលបានចាប់ខ្លួនបុរសវ័យ 41ឆ្នាំម្នាក់ភ្លាមៗបន្ទាប់ពីលោក Abe ត្រូវបានបាញ់នៅចម្ងាយយ៉ាងជិតដោយកាំភ្លើងកែច្នៃ។

កងកម្លាំងនគរបាលក្នុងតំបន់ដែលការពារក្នុងព្រឹត្តិការណ៍យុទ្ធនាការនេះបាននិយាយថា មានការខ្វះចន្លោះក្នុងការរៀបចំសន្តិសុខ។ អធិការនគរបាលទីក្រុង Nara លោក Tomoaki Onizuka បាននិយាយក្នុងសន្និសីទសារព័ត៌មានថា យើងមិនអាចបដិសេធថា មានបញ្ហាក្នុងផែនការរៀបចំសន្តិសុខ ដែលបានផ្តល់ឱ្យចំពោះរឿងរ៉ាវបានកើតឡើងនោះទេ។ លោកនិយាយថា លោកមានទំនួលខុសត្រូវខ្លាំង ហើយនគរបាលនឹងវិភាគនូវអ្វីដែលជាកំហុសពិតប្រាកដ និងអនុវត្តការផ្លាស់ប្តូរជាចាំបាច់៕
អត្ថបទ៖ ប៊ុនថន