ភ្នំពេញ៖ អង្គការយុវជនដើម្បីមាតុភូមិ បានបើកកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ និងផ្តល់ធាតុចូលបន្ថែមពីដៃគូពាក់ព័ន្ធ ដើម្បីត្រៀមសហការគ្នាក្នុងការជួយលើកស្ទួយប្រជាពលរដ្ឋប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍នៅក្នុងអង្គប្រជុំថា ដោយឃើញពីការព្រួយបារម្ភនេះ ទាំងវិស័យរដ្ឋ និងឯកជន បានសហការគ្នាយ៉ាងសកម្ម សំដៅស្វែងរកជាដំណោះស្រាយ រវាងគ្នានិងគ្នា ដើម្បីលើកស្ទួយប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ។
លោក ហោ សេរីវឌ្ឍន៍ ប្រធានអង្គការយុវជនដើម្បីមាតុភូមិ នៅក្រោយចប់កិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១០ កក្កដា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការ សមាគម សម្ពន្ធ ស្ថាប័នស្រាវជ្រាវ បណ្តាញក្រុម និងបុគ្គលជំនាញចំនួនប្រមាណ១២០រូប ដែលបានកំពុងបំពេញភារកិច្ចការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ លើកឡើងថា បន្ទាប់ពីបានស្តាប់និងចូលរួមជាយោបល់ក្នុងអង្គប្រជុំនេះ លោករំពឹងថា ការគាំពាប្រជាពលរដ្ឋបម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងមានភាពល្អប្រសើរ ជាពិសេសជួយដល់ប្រជាពលរដ្ឋ បាត់បង់ការងារធ្វើ ដែលបានចេញពីសេដ្ឋកិច្ចក្នុងប្រព័ន្ធមកក្រៅប្រព័ន្ធ។
សូមបញ្ជាក់ ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ស្តីពីការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩នេះ គឺទទួលបាននូវគោលគំនិត ដែលជាធាតុចូលយ៉ាងសំខាន់ ពាក់ព័ន្ធនឹងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម តម្រូវការ និងសំណូមពរជាច្រើន ដើម្បីស្ថាប័នទាំងអស់អាចបន្តសហការគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយប្រជាពលរដ្ឋក្នុងរបបសេ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩៕ អត្ថបទ៖ ឈិត បូរ៉ាវី