ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកក្កដានេះ កុមារអាយុពី៣ឆ្នាំដល់ក្រោម១២ឆ្នាំ រស់នៅភ្នំពេញចំនួនជាង ១ពាន់នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ និងទី៤រួចរាល់ ខណៈការចាក់ វ៉ាក់សាំង នៅបន្តដំណើរការជារៀងរាល់ថ្ងៃ។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស ដែលBTVទទួលបាននៅថ្ងៃទី១១ ខែកក្កដានេះ បានបង្ហាញថា រយៈពេល៤ថ្ងៃ កុមាររស់នៅរាជធានីភ្នំពេញ អាយុពី៣ឆ្នាំ ដល់ក្រោម៦ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងដូសជំរុញទី៣ មានចំនួន១៧១នាក់ និងកុមារអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ចាក់វ៉ាក់សាំងដូសជំរុញទី៤ មានចំនួន១,៥៣១នាក់។
ការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋចាប់ពីអាយុ៣ឆ្នាំឡើងទៅ ដំណើការជារៀងរាល់ថ្ងៃ នៅទីតាំងសុខាភិបាល សាធារណៈទូទាំងប្រទេសកម្ពុជា។
បើតាមលោកវេជ្ជបណ្ឌិត ឌី ប៊ុនលន ប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវីដ នៅមន្ទីរពេទ្យបង្អែក ច្បារអំពៅ រាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ន ដំណើរការចាក់វ៉ាក់សាំងកូវីដដូសជំរុញ មានសម្ទុះកើន ឡើងជាងមុន បន្ទាប់ពីជំងឺកូវីដមានការឆ្លងសារឡើងវិញ។
ក្រៅពីនេះ លោកវេជ្ជបណ្ឌិត បានជំរុញដល់ប្រជាពលរដ្ឋទូទៅ និងជាពិសេសពលរដ្ឋមានកូនស្ថិតក្នុងក្រុមអាយុនេះ ត្រូវរួសរាន់នាំពួកគេទៅចាក់វ៉ាក់សាំង ចាប់ពីដូសមូលដ្ឋាន ដល់ដូសជំរុញ។
អាណាព្យាបាល ដែលបាននាំកូនៗចូលចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ បានលើកឡើងថា ការសម្រេចចិត្តនាំកូនៗមកចាក់វ៉ាក់សាំងដូសជំរុញ គឺដើម្បីធានាសុវត្ថិភាព ការពារខ្លួនកុំឲ្យឆ្លង ជំងឺកូវីដ ធ្វើដំណើរទៅណាមកណាស្រួល ជាពិសេសពេលពួកគេនៅសាលារៀន។ ជាមួយគ្នានេះ កុមារ និង យុវវ័យ បានបង្ហាញការសប្បាយចិត្តពេលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ។
បច្ចុប្បន្ន ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលបន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដើម្បីធានានិរន្តរភាពដំណើរការសេដ្ឋកិច្ច និងការរស់នៅជាធម្មតា តាមបែបគន្លថ្មី ជាមួយវត្ត មានជំងឺកូវីដ-១៩៕អត្ថបទ៖ ទូច សោភ័ណ