ស្រីលង្កា៖ ក្រុមគ្រួសារជាច្រើនក្នុងរដ្ឋធានីរបស់ប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យបានឆ្លៀតឱកាសធ្វើដំណើរទៅកាន់លំនៅឋានប្រធានាធិបតី បន្ទាប់មកបានសម្រុកចូលលំនៅឋាននេះដោយបាននាំគ្នាថតរូប និងធ្វើសកម្មភាពផ្សេងៗ។

ក្រុមអ្នកតវ៉ាបានសម្រុកចូលលំនៅឋានដ៏ធំទូលាយរបស់លោកប្រធានាធិបតី Gotabaya Rajapaksa និងបានសម្រុកចូលទៅក្នុងលំនៅឋានឯកជនរបស់នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe និងបានដុតលំនៅឋាន។ មន្ត្រីគណបក្សម្នាក់បាននិយាយថា លោក Wickremesinghe នៅខាងក្នុងលំនៅឋាន នៅពេលដែលក្រុមអ្នកតវ៉ាបានមកប្រមូលផ្តុំគ្នានៅទីនោះ ប៉ុន្តែមន្ត្រីសន្តិសុខបានរំដោះលោកចេញទៅកាន់ទីតាំងផ្សេងទៀត។ លោក Wickremesinghe បាននិយាយថា លោកនឹងចាកចេញពីតំណែងនៅពេលដែលរដ្ឋាភិបាលថ្មីចូលកាន់តំណែង ហើយប៉ុន្មានម៉ោងក្រោយមកប្រធានសភាបាននិយាយថា លោក Rajapaksa នឹងចុះចេញពីតំណែងនៅថ្ងៃពុធ។ សម្ពាធលើប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទាំងពីរនេះបានកើនឡើង ខណៈមានការដួលរលំនៃសេដ្ឋកិច្ចដែលបានធ្វើឱ្យខ្វះខាតធ្ងន់ធ្ងរ បណ្តាលឱ្យប្រជាជនតស៊ូដើម្បីទទួលបានស្បៀងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងៗទៀត។

យោងតាមរដ្ឋធម្មនុញ្ញបានឲ្យដឹងថា ប្រសិនបើទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលាលែងពីតំណែង ប្រធានសភាលោក Mahinda Yapa Abeywardena នឹងឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន។ លោក Rajapaksa បានតែងតាំងលោក Wickremesinghe ជានាយករដ្ឋមន្ត្រីកាលពីខែឧសភា ក្នុងកិច្ចប្រឹងប្រែងដើម្បីដោះស្រាយការខ្វះខាត និងចាប់ផ្តើមការស្តារសេដ្ឋកិច្ចឡើងវិញ។ លោក Wickremesinghe គឺជាផ្នែកមួយនៃកិច្ចពិភាក្សាដ៏សំខាន់ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិសម្រាប់កម្មវិធីសង្គ្រោះ និងជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីរៀបចំសម្រាប់វិបត្តិស្បៀងអាហារ៕
អត្ថបទ៖ ប៊ុនថន