អាមេរិក៖ ទោះបីជាការប្រកាសរបស់រដ្ឋាភិបាលក្រុង New York លោក Andrew Cuomo ថា មិនយូរប៉ុន្មានមនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅនឹងមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលចាប់ផ្ដើមពីថ្ងៃទី៦ ខែមេសាក៏ដោយភាគច្រើននៅក្នុងទីក្រុង New York នៅតែព្យាយាមស្វែងរកការណាត់ជួប ជាមួយពលរដ្ឋដើម្បីផ្ដល់វ៉ាក់សាំង។

នោះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលមណ្ឌលសុខភាព និងមន្ទីរពេទ្យនានាក្នុងទីក្រុង New York ឥឡូវកំពុងសហការជាមួយអង្គការសហគមន៍ នៅទូទាំងទីក្រុង ដាក់រថយន្តក្រុងចាក់វ៉ាក់សាំងចល័តនៅតាមសង្កាត់នានា ដែលត្រូវការជំនួយបំផុត។ អង្គការ Mixteca គឺជាអង្គការមួយក្នុងចំណោមអង្គការជាច្រើន ដែលបានសហការជាមួយទីក្រុងនេះ ដើម្បីជួយប្រជាជននៅតំបន់ឧទ្យាន Sunset Park និងសង្កាត់ Greenwood នៅជិតក្រុង New York ទទួលវ៉ាក់សាំងបង្ការ។ អ្នកសម្របសម្រួលកម្មវិធីផ្ដល់វ៉ាក់សាំងបង្ការ Mixteca លោកស្រី Nicole Rojas បាននិយាយថា “វាមានសារៈសំខាន់ណាស់ ដែលគ្លីនិកចល័តនេះមានវត្តមាននៅក្នុងសហគមន៍ ព្រោះវាបង្កលក្ខណៈកាន់តែងាយស្រួល ក្នុងការធ្វើដំណើរ។ វាជាកន្លែងមានសុវត្ថិភាព។ វាជាមជ្ឈមណ្ឌលដែលសហគមន៍បានដឹង និងជឿជាក់រួចហើយ។
ពួកគេដឹងថា យើងនៅទីនេះដើម្បីគាំទ្រពួកគេ និងតស៊ូមតិដើម្បីពួកគេ ប្រសិនបើស្ថានភាពណាមួយកាន់តែតានតឹងខ្លាំង។ ពួកគេដឹងថា យើងនឹងជួយគាំទ្រពួកគេ និងបកប្រែសម្រាប់ពួកគេប្រសិនបើចាំបាច់”។ រថយន្តក្រុងវ៉ាក់សាំងចល័ត នឹងស្ថិតនៅក្នុងសង្កាត់រយៈពេល ៣ថ្ងៃបន្ទាប់មកនឹងចេញទៅសង្កាត់ផ្សេងទៀត៕
អត្ថបទ៖ សុខមាន