ប្រណាំងកង់៖ កីឡាករលុចសាំបួរ Bob Jungels បានប្រជែងឈ្នះដំណាក់កាលទី៩ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France តែអ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Tadej Pogacar នៅតែបន្តនាំមុខរួមដដែល។

ដំណាក់កាលទី៩ ដែលមានចម្ងាយផ្លូវ ១៩៣គីឡូម៉ែត្រជាដំណាក់កាលប្រណាំងឆ្លងកាត់តំបន់ភ្នំ កីឡាកររបស់ក្រុមប្រណាំង AG2R Citroen, Bob Jungels បានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៤ម៉ោង ៤៦នាទី ៣៦វិនាទី តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Jonathan Castroviejo យឺតជាង ២២វិនាទី និងលេខ៣ Carlos Verona របស់ក្រុម Movistar យឺតជាង ២៦វិនាទី។ យ៉ាងណាក្តី អ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Tadej Pogacar នៅតែបន្តនាំមុខរួមដោយមានវេលាចំណេញ ៣៩វិនាទីពីលើអ្នកលេខ២ កីឡាករដាណឺម៉ាក Jonas Vingegaard និងលេខ៣ កីឡាករអង់គ្លេស Geraint Thomas យឺតជាង ១នាទី ១៧វិនាទី។ ថ្ងៃចន្ទនេះមិនមានការប្រកួតទេ លុះថ្ងៃអង្គារស្អែកការប្រកួតដំណាក់កាលទី១០ មានចម្ងាយផ្លូវ ១៤៨.៥គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ