ភ្នំពេញ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ជូនប្រជាពលរដ្ឋ។
បើតាមលោកវេជ្ជបណ្ឌិត ធូ សុភី ប្រធានក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ វេណទី៣ តំណាងលោក វេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះថា ក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានសហការជាមួយក្រុម ការងារ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងដូសមូលដ្ឋាន និងដូសជំរុញជាបន្តបន្ទាប់ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ បានទទួលវ៉ាក់សាំងគ្រប់ដូស សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជារីករាយណាស់ដែលទទួលបានភាពកក់ក្តៅពីលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងជូន ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះ ជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក។
ទន្ទឹមគ្នានោះដែរឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងរយៈពេលជាង១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់១១ កក្កដា ឆ្នាំ២០២២) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ៦,៧៧៩នាក់ ក្នុងនោះស្ត្រីមានចំនួន ៣,៦៩៦នាក់ ដឹកនាំនិងសម្របសម្រួលដោយរូបឯកឧត្តមផ្ទាល់ បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាក រកវីរុស កូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី-ខេត្ត នៃព្រះរាជា ណា ចក្រកម្ពុជា បានចំនួន៦៦២លើក និងបានពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ១០,២២៧,៨៣៩នាក់ (ដប់លាន ម្ភៃពីរម៉ឺន ប្រាំពីរពាន់ ប្រាំបីរយ សាមសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៥,២០៣,៣៤៨នាក់ (ប្រាំលាន ម្ភៃម៉ឺន បីពាន់ បីរយ សែសិប ប្រាំបីនាក់) គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ចំនួនជាង១ ភាគ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៦,៨៤៣,៣៣៣នាក់ (ដប់ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន បីពាន់ បីរយ សាមសិប បីនាក់) ធៀបនឹងឆ្នាំ២០២២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។
ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា នៅពេលប្រទេសជាតិទទួលរងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់ពី ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន២,៩៤៥នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានប្រមាណ ៩,១១០,១៥៦ដូស (ប្រាំបួនលាន ដប់មួយម៉ឺនមួយរយហាសិបប្រាំមួយដូស) ក្នុង២៥ រាជធានី-ខេត្ត៕ អត្ថបទ ៖ រដ្ឋា














