អាស៊ានប៉ារ៉ាហ្គេម៖ កិច្ចប្រជុំថ្ងៃដំបូងដែលផ្ដោតសំខាន់លើក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា ដើម្បីជជែកអំពីការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាបានសម្រេចជោគជ័យជាងការគ្រោងទុក បន្ទាប់ពីប្រតិភូបណ្ដាប្រទេសចូលរួមបានការគាំទ្រ និងសន្យាជួយកម្ពុជាទៀតផង។
នេះបើតាមនការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ស្របពេលកម្ពុជាកំពុងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចប្រជុំថ្ងៃដំបូងផ្ដោតលើកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាលើកទី១ នៅកម្ពុជា ដែលយកចិត្តទុកដាក់លើការងារសំខាន់ៗ ២ ទី១-កិច្ចសហប្រតិបត្តិការរវាងម្ចាស់ផ្ទះជាមួយបណ្ដាប្រទេសសមាជិកទាំងអស់ និងទី២-ការវាយតម្លៃពីការរៀបចំរបស់ម្ចាស់ផ្ទះ ដែលជាការផ្ដល់នូវគុណតម្លៃបន្ថែមដល់ម្ចាស់ផ្ទះកម្ពុជា។ ហើយជាលទ្ធផលគឺបានសម្រេចផ្លៃផ្កាយ៉ាងល្អប្រសើរ ដោយទទួលបានការគាំទ្រច្រើនពីប្រតិភូចូលរួម ទោះបីមានសំណូមពរបន្ដិចបន្ដួចក៏ដោយ។
បើតាមការបង្ហើបរបស់ឯកឧត្តម វ៉ាត់ ចំរើន ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា អាចនឹងមានកិច្ចប្រជុំតិចតួចទៀត ដើម្បីសម្រេចលើលក្ខខណ្ឌបច្ចេកទេស ក្នុងការធានាបាននូវភាពរួចរាល់របស់ម្ចាស់ផ្ទះ សម្រាប់ដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជាតែម្ដង។ ដោយឡែកនៅថ្ងៃទី១២-១៣ ខែកក្កដានេះ កិច្ចប្រជុំនឹងផ្ដោតសំខាន់លើដំណើរការប្រកួតកីឡាស៊ីហ្គេមវិញម្ដង ដែលមានប្រតិភូជាង ១០០នាក់មកពី ១១ប្រទេសជាសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។ កិច្ចប្រជុំនេះនឹងយកចិត្តទុកដាក់លើការអនុម័តប្រភេទកីឡា ការអនុម័តលើការលក់សិទ្ធិផ្សព្វផ្សាយ (ទូរទស្សន៍) និងការកែសម្រួលធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាដើម ព្រមទាំងការពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការសំខាន់ៗមួយចំនួនផងដែរ៕
អត្ថបទ៖ លី ឈុនឡា