ចិន៖ ប្រមុខការទូតចិនលោក Wang Yi បាននិយាយថា បណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍គួរតែជៀសវាងក្លាយជាកូនអុករបស់ក្រុមប្រទេសមហាអំណាចធំៗ និងមិនគួរបង្កបញ្ហាដាក់គ្នាទៅវិញទៅមកនោះទេ។
លោក Wang បាននិយាយនៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទដែលត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន Reuters ថា យើងគួរតែការពារតំបន់នេះពីការគិតគូរភូមិសាស្ត្រនយោបាយ កុំឲ្យត្រូវគេប្រើជាកូនអុកពីសំណាក់គូប្រជែងមហាអំណាចដ៏ធំ និងគេចចេញពីការបង្ខិតបង្ខំ។ លោក Wang បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈកំពុងចូលរួមកិច្ចប្រជុំ ASEAN ជាប្លុកនយោបាយ និងសេដ្ឋកិច្ចដែលមានសមាជិកក្នុងតំបន់ចំនួន ១០ប្រទេសនៃប្រជាជាតិអាស៊ី-អាគ្នេយ៍។ លោកថា អនាគតនៃតំបន់របស់យើង គួរតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើងខ្លួនឯង។
ប្រមុខការទូតចិនរូបនេះបាននិយាយថា ប្រទេសនានាគួរតែគោរពសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់គ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រសើរជាងអង្គុយរកនឹងបង្កបញ្ហា ឬទប់ទល់សកម្មភាពរបស់ភាគីផ្សេង។ កាលពីខែមីនា លោក Wang បានចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមបង្កើតសម្ព័ន្ធ NATO ថ្មីនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីបង្កភាពតានតឹងក្នុងតំបន់នេះ។ លោកថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាដែនដីមានកិច្ចសន្យាសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ មិនមែនជាក្ដារអុកសម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនោះទេ៕
អត្ថបទ៖ សុខមាន