អាស៊ានប៉ារ៉ាហ្គេម៖ ប្រតិភូកីឡានៃបណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាបានសម្ដែងការភ្ញាក់ផ្អើល និងកោតស្ញប់ស្ញែងចំពោះហេដ្ឋារចនាសម្ព័ន្ធកីឡារបស់កម្ពុជា ពិសេសពហុកីឡដ្ឋានជាតិមរតកតេជោដែលមានភាពទំនើបអស្ចារ្យ សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
នេះបើតាមការបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់មីយ៉ាន់ម៉ា និងហ្វីលីពីន បន្ទាប់ពីធ្វើដំណើរទស្សនកិច្ចជាមួយប្រតិភូបណ្ដាប្រទេសសមាជិកផ្សេងៗទៀតនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា ដែលធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ លោក Minn Thein Zan រដ្ឋមន្ត្រីក្រសួងកីឡា និងកិច្ចការយុវជន និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ាបានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញហេដ្ឋារចនាសម្ព័ន្ធកីឡាកម្ពុជា ក៏ដូចជាសំណង់អាគារដ៏រីកចម្រើននៅក្រុងភ្នំពេញ។ លោកបានកោតសរសើរកម្ពុជាដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយលោកសង្ឃឹមថា កម្ពុជាទទួលបានជោគជ័យ និងភាពអស្ចារ្យ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយ។
ដោយឡែកលោក Valeriano L.Floro II សមាជិកប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីនក៏បានថ្លែងស្រដៀងគ្នាដែលថា អ្វីៗគ្រប់យ៉ាងមើលទៅសុទ្ធតែមានកម្រិតខ្ពស់ ពិសេសពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានភាពទំនើបអស្ចារ្យដូចនៅបណ្ដាប្រទេសជឿនលឿន ហើយលោកបានបង្ហាញការគាំទ្រពេញទំហឹង សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ របស់កម្ពុជា។ សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាលើកទី១ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍លើកទី២ នៅកម្ពុជានេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដែលជាកិច្ចប្រជុំដ៏សំខាន់ដើម្បីអនុម័តលើការងារសំខាន់ៗមួយចំនួន ដូចជាការកំណត់ប្រភេទកីឡា ការលក់សិទ្ធិទូរទស្សន៍ និងការកែសម្រួលធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាដើម៕
អត្ថបទ៖ លី ឈុនឡា