សហរដ្ឋអាមេរិក៖ មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់លោក Biden បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់កំពុងបោះជំហានយ៉ាងឆាប់រហ័សក្នុងការផ្តល់ឱ្យរុស្ស៊ី នូវយានដ្រូនផលិតក្នុងស្រុករបស់ខ្លួនរាប់រយគ្រឿង ដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់វិមានក្រឹមឡាំងប្រឆាំងនឹងអ៊ុយក្រែន។

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Joe Biden បាននិយាយថា សហរដ្ឋអាមេរិកមានព័ត៌មានដែលបង្ហាញថា ទីក្រុងតេអេរ៉ង់កំពុងរៀបចំផ្តល់យានដ្រូន UAVs ជាច្រើនរយគ្រឿង រួមទាំងយានដ្រូន UAVs ដែលមានសមត្ថភាពបំពាក់សព្វាវុធតាមពេលវេលាកំណត់ដ៏ឆាប់រហ័សទៅឲ្យរុស្ស៊ី។ លោកបានសំដៅទៅលើយន្តហោះគ្មានមនុស្សបើក ឬយានដ្រូន។ លោក Sullivan បាននិយាយថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំបន្ថែមទៀតដើម្បីបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ី ឲ្យចេះប្រើប្រាស់យានដ្រូនរបស់ខ្លួនឱ្យបានឆាប់ក្នុងខែនេះ ខណៈកងកម្លាំងរបស់ទីក្រុងម៉ូស្គូនៅតែបន្តទទួលរងការខាតបង់ក្នុងសមរភូមិ ស្របពេលមានការវាយរុលទៅមុខយឺតៗនៅភាគខាងកើតអ៊ុយក្រែន។
លោក Sullivan ពុំបានបញ្ជាក់ពីរបាយការណ៍ចារកម្ម ដែលលោកកំពុងផ្អែកលើការអះអាងរបស់លោកនោះទេ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានប្រឹងប្រែងក្នុងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ជាផ្នែកមួយដើម្បីទប់ស្កាត់ប្រទេសនេះពីការបំពេញបន្ថែមនូវស្តុកសង្គ្រាមរបស់ខ្លួន។ ទណ្ឌកម្មទាំងនោះរួមទាំងការរឹតត្បិតលើការនាំចេញលើបច្ចេកវិទ្យាប្រើប្រាស់ ២សំខាន់ៗរួមទាំងយានដ្រូនផងដែរ៕
អត្ថបទ៖ សុខមាន