រុស្ស៊ី៖ អ៊ុយក្រែនព្រមានថា រុស្ស៊ីកំពុងត្រៀមបង្កើនការវាយសន្ធាប់លើទីក្រុងនានានៅក្នុងតំបន់ Donbas ភាគខាងកើតរបស់ប្រទេសនេះ ជាទីដែលចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរុស្ស៊ី លើអគារលំនៅឋានពលរដ្ឋកាលពីចុងសប្ដាហ៍មុនបានកើនឡើងដល់ ៣១នាក់ ហើយគ្រាប់រ៉ូកែតបានសម្លាប់មនុស្ស ៦នាក់នៅក្នុងទីក្រុងធំបំផុតទី២ Kharkiv របស់ប្រទេសនេះ។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយនៅក្នុងសន្ទរកថាពេលយប់ថា តំបន់ភាគខាងកើតរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទនៅតែបន្តក្លាយជាគោលដៅដ៏សំខាន់ ក្នុងការវាយប្រហាររបស់រុស្ស៊ីរយៈពេលច្រើនសប្ដាហ៍មកហើយ ជាទីដែលមនុស្ស ៣១នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីការវាយឆ្មក់ដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Chasiv Yar ក្នុងតំបន់ Donetsk។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានអះអាងកាលពីថ្ងៃចន្ទថា ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនជាង ៣០០នាក់បានស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីជិតទីក្រុង Chasiv Yar ដោយពុំបានបញ្ជាក់ពីពេលវេលា ឬព័ត៌មានលម្អិតទេ។
ទាហានអ៊ុយក្រែនបាននិយាយថា តំបន់ភាគខាងកើតប្រទេសនេះបានរងការបាញ់ផ្លោងកាលពីថ្ងៃចន្ទ ប៉ុន្តែរាល់ការវាយប្រហារដោយកងទ័ពថ្មើរជើងរុស្ស៊ីត្រូវផ្អាកទាំងអស់។ ទាហានខាងលើនិយាយថា មានសញ្ញាជាច្រើនបង្ហាញថា អង្គភាពរុស្ស៊ីកំពុងត្រៀមបង្កើនប្រតិបត្តិការវាយប្រហារចេញពីទិសដៅទីក្រុង Kramatorsk និង Bakhmut ដោយសំដៅទៅលើទីក្រុងសំខាន់ៗ២ ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ុយក្រែននៅឡើយ៕
អត្ថបទ៖ សុខមាន