បាញ់កាំភ្លើង៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានទទួលការគាំទ្រពីក្រុមហ៊ុនឯកជន ដើម្បីសាងសង់ទីលានបាញ់កាំភ្លើងស្ដង់ដារអន្ដរជាតិ ក្នុងគោលបំណងបម្រើដល់ការអភិវឌ្ឍកីឡាបាញ់កាំភ្លើង ក៏ដូចជាបម្រើឲ្យការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធ បន្ទាប់ពីឯកឧត្តមបានចុះអនុស្សារណៈយោគយល់គ្នាជាមួយលោក KEVIN HSU នាយកប្រតិបត្តិក្រុមហ៊ុន Lixin Group កាលពីចុងសប្ដាហ៍កន្លងទៅ។ ឯកឧត្តម មៀច សុផាន់ណា បានឲ្យដឹងថា ដើម្បីធានាបានដល់ការអភិវឌ្ឍកីឡាបាញ់កាំភ្លើងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិប្រកបដោយគុណភាព និងស្តង់ដា ទើបសហព័ន្ធស្វែងរកដៃគូដើម្បីសាងសង់ទីលាន។
ឯកឧត្តមថា ការសាងសង់ទីលាននេះគឺជារឿងសំខាន់ និងចាំបាច់បំផុត ដើម្បីអភិវឌ្ឍកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យរីកចម្រើន និងដើរទាន់បណ្តាប្រទេសផ្សេងៗ។ ជាពិសេសទៀតនោះ ទីលានបាញ់កាំភ្លើងនេះក៏នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធមួយ ក្នុងវិស័យកីឡានៅកម្ពុជាដែលកំពុងត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងសម្រាប់កម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា