ចក្រភពអង់គ្លេស៖ លោក Graham Brady ប្រធានក្រុមសមាជិកសភាគណបក្សអភិរក្សនិយមដ៏មានឥទ្ធិពល ដែលត្រូវបានគេស្គាល់ថា គណៈកម្មាធិការ 1922 បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថា អ្នកបន្តតំណែងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នឹងត្រូវបានប្រកាសនៅថ្ងៃទី5 ខែកញ្ញា។

លោក Brady បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Westminster ថា ការជ្រើសរើសឲ្យឈរឈ្មោះបេក្ខជននឹងបើកហើយបិទជាផ្លូវការនៅថ្ងៃអង្គារនេះ។ ការបោះឆ្នោតជុំទី1 នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ហើយលើកទី2 នៅថ្ងៃព្រហស្បតិ៍ ដោយបេក្ខជនដែលមិនបានទទួលយ៉ាងតិច 30សំឡេងត្រូវជំរុះចោលក្នុងជុំនីមួយៗ។ បេក្ខជននឹងត្រូវជ្រើសរើសដោយសមាជិកសភាយ៉ាងតិច 20រូបលើសន្លឹកឆ្នោតដំបូង ជាចំនួនដែលអាចទម្លាក់គូប្រជែងមួយចំនួនមុនពេលការបោះឆ្នោតចាប់ផ្តើម។ គណបក្សនេះមានបំណងបញ្ចប់ដំណាក់កាលបោះឆ្នោតសភា មុនពេលសមាជិកសភាសម្រាកនារដូវក្តៅនៅថ្ងៃទី21 កក្កដា។ នោះមានន័យថា មេដឹកនាំថ្មីត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅពេលសភាត្រឡប់មកពីការសម្រាកនារដូវក្តៅវិញក្នុងខែកញ្ញា។
ក្រុមអ្នកអភិរក្សនិយមជាច្រើននាក់មានការប្រុងប្រយ័ត្នពីការទុកឲ្យលោក Johnson នៅក្នុងតំណែងយូរពេកទាក់ទងនឹងមេដឹកនាំខ្សោយគឺជារឿងចុងក្រោយ ដែលអង់គ្លេសត្រូវការដោះស្រាយសង្គ្រាមកំពុងឆាបឆេះនៅអ៊ុយក្រែន តម្លៃអាហារ និងថាមពលឡើងថ្លៃ ដែលជំរុញឱ្យមានអតិផរណាឈានដល់កម្រិតមិនធ្លាប់ជួបប្រទះ ក្នុងប៉ុន្មានទសវត្សកន្លងទៅនេះ និងការកើនឡើងភាពចលាចលលើការងារ។ មន្ត្រីមួយចំនួនបារម្ភថា លោក Johnson ត្រូវបានគេឲ្យលាលែងពីតំណែងដោយសាររឿងអាស្រូវជាច្រើន មានដូចជាបញ្ហាថវិកា ការបំពានវិធានការ និងការដោះស្រាយរបស់លោក ចំពោះការចោទប្រកាន់ពីបទប្រព្រឹត្តិខុសលើផ្លូវភេទមកលើសមាជិកសភា៕
អត្ថបទ៖ ប៊ុនថន