ស្រីលង្កា៖ ភាពចលាចលនយោបាយនៅក្នុងប្រទេសស្រីលង្កា បានអូសបន្លាយរហូតដល់ថ្ងៃចន្ទ ដោយមេដឹកនាំគណបក្សប្រឆាំងមិនទាន់បានព្រមព្រៀង លើការដាក់ជំនួសតំណែងប្រធានាធិបតីលោក Gotabaya Rajapaksa និងនាយករដ្ឋមន្ត្រីរបស់លោក ដែលលំនៅឋាននៅតែត្រូវបានចូលកាន់កាប់ដោយក្រុមបាតុករ ដែលខឹងសម្បារចំពោះការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស។

មេដឹកនាំគណបក្សប្រឆាំងចំនួនពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃចន្ទ ប៉ុន្តែមិនអាចព្រមព្រៀងគ្នាលើជម្រើសរបស់ពួកគេសម្រាប់តំណែងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានថ្កោលទោសរាល់អំពើហិង្សា និងបានអំពាវនាវឱ្យអ្នកទាំងនេះទទួលខុសត្រូវ។ នៅក្នុងសេចក្តីថ្លែងការណ៍លោក Guterres បានស្នើឱ្យភាគីពាក់ព័ន្ធចូលមកពិភាក្សាគ្នា ដើម្បីធានាបានការផ្លាស់ប្តូររដ្ឋាភិបាលដោយរលូន និងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះវិបត្តិសេដ្ឋកិច្ច។ អ្នកនាំពាក្យលោក Farhan Haq បានអានសេចក្តីថ្លែងការណ៍ក្នុងអំឡុងសន្និសីទសារព័ត៌មាន របស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាបានសន្តិភាព អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសស្រីលង្កា និងប្រជាជនរបស់ប្រទេសនេះ។

អំពើពុករលួយ និងការគ្រប់គ្រងមិនបានត្រឹមត្រូវ បានធ្វើឱ្យប្រទេសកោះមួយនេះមានបន្ទុកបំណុលមិនអាចបង់ថ្លៃការនាំចូលស្បៀងអាហារ ប្រេងឥន្ធនៈ ឱសថ និងសម្ភារៈចាំបាច់ផ្សេងទៀតដែលបណ្តាលឱ្យមានការខ្វះខាត និងភាពអស់សង្ឃឹមក្នុងចំណោមប្រជាជន 22លាននាក់របស់ខ្លួន។ ប្រទេសនេះកំពុងស្វែងរកជំនួយពីប្រទេសជិតខាងឥណ្ឌា និងប្រទេសចិន និងពីមូលនិធិរូបិយវត្ថុអន្តរជាតិ។ យោងតាមប្រធានសភាបានឲ្យដឹងថា លោក Rajapaksa បាននិយាយថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃពុធ ខណៈក្រុមបាតុករបានប្តេជ្ញាថា នឹងបន្តការតវ៉ារហូតដល់ការលាលែងពីតំណែងជាផ្លូវការ៕
អត្ថបទ៖ ប៊ុនថន