អ៊ុយក្រែន៖ អ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារដោយគ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយទៅលើកងកម្លាំងរុស្ស៊ី និងយុទ្ធោបករណ៍នៅក្នុងដែនដីរបស់អ៊ុយក្រែននៅភាគខាងត្បូង ដោយលើកឡើងថា ខ្លួនកំពុងត្រៀមវាយបកដណ្ដើមយកមកវិញដោយប្រើទាហានរាប់ម៉ឺននាក់។

យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារនេះបានប៉ះចំឃ្លាំងស្តុកគ្រាប់រំសេវមួយកន្លែងក្នុងទីក្រុង Nova Kakhovka ក្នុងតំបន់ Kherson និងបានសម្លាប់ទាហានរុស្ស៊ី ៥២នាក់។ ហេតុការណ៍នេះបានកើតឡើង ក្រោយទីក្រុង Washington បានផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវប្រព័ន្ធកាំភ្លើងធំបាញ់គ្រាប់រ៉ូកែតចល័តទំនើបដែលមានសមត្ថភាពខ្ពស់ (HIMARS) ដែលក្រុង Kyiv បាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងប្រើប្រាស់កាន់តែស្ទាត់ជំនាញ។ ក្រុមអាជ្ញាធរដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីរបស់ទីក្រុងនេះ បានផ្ដល់របាយការណ៍ខុសគ្នាស្ដីពីការវាយប្រយុទ្ធគ្នានោះ។ ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា ក្រុមអាជ្ញាធរទាំងនោះបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និងប្រហែល ៧០នាក់រងរបួសក្នុងការវាយប្រហារនោះ។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់សមរភូមិប្រយុទ្ធនោះដោយឯករាជ្យបានទេ។ ដែនដីដែលអ៊ុយក្រែនបានវាយប្រហារនោះគឺជាដែនដីមួយដែលរុស្ស៊ីដណ្ដើមយកបាន បន្ទាប់ពីបានបើកការវាយលុកទ្រង់ទ្រាយធំកាលពីថ្ងៃទី24 ខែកុម្ភៈ ជាអ្វីដែលក្រុង Moscow ហៅថា "ប្រតិបត្តិការសឹកពិសេស"។ តំបន់នេះមានសារៈសំខាន់ខាងយុទ្ធសាស្ត្រដោយមានច្រកចូលទៅកាន់សមុទ្រខ្មៅ ធ្លាប់ជាឧស្សាហកម្មកសិកម្មដែលមានការរីកចម្រើនខ្លាំង និងជាទីតាំងមួយនៅភាគខាងជើងនៃឧបទ្វីបគ្រីមៀដែលរុស្ស៊ីបានបញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន៕
អត្ថបទ៖ សុខមាន