ប៉េតង់៖ កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានយកឈ្នះមេដាយមាសនៃការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋអាលឡាបាមា សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Rebeka HOWE ដោយលទ្ធផល ៤១-២១ពិន្ទុលើវិញ្ញាសាវាយយកពិន្ទុក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី១២ ខែកក្កដា នៅអាមេរិក ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ពេលវេលានៅកម្ពុជា។

សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនេះ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ បានឈរចំណាត់ថ្នាក់លេខ៣ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងជុំ។ ប៉ុន្ដឈានដល់វគ្គខ្វែង ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០២១ រូបនេះធ្វើបានយ៉ាងល្អដោយបានទម្លាក់កីឡាការិនីដាណឺម៉ាក Katrine JUNGE ក្នុងលទ្ធផល ៣៧-២៣ពិន្ទុ ខណៈកីឡាការិនីអាមេរិកបានយកឈ្នះកីឡាការិនីថៃ ដើម្បីឡើងមកជួបកីឡាការិនីកម្ពុជា នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ ឈានដល់វគ្គដណ្ដើមមេដាយមាសនេះ អ៊ុក ស្រីមុំ ធ្វើបានកាន់តែល្អបន្ថែមទៀតជាមួយការយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Rebeka HOWE ដាច់រហូតដល់ ៤១-២១ពិន្ទុដើម្បីគ្រងមេដាយមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារីនៃព្រឹត្តិការណ៍ The World Games 2022 តែម្ដង។
នេះគឺជាលើកដំបូងហើយដែលកម្ពុជាបានបញ្ជូនកីឡាការិនីប៉េតង់ ចូលរួមការប្រកួតកីឡាពិភពលោកនៅអាមេរិក។ ប៉ុន្ដែកីឡាការិនី អ៊ុក ស្រីមុំ នៅសល់ភារកិច្ចមួយទៀតដោយត្រូវចាប់ដៃជាមួយសិស្សប្អូន អ៊ុន ស្រីយ៉ា ប្រកួតវិញ្ញាសាវាយគូនារី ២នាក់ទល់ ២នាក់ដែលគ្រោងនឹងធ្វើការប្រកួតនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះត្រូវនឹងពេលវេលានៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា