ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រយៈពេល ២ ទៅ៣ថ្ងៃក្រោយនេះ បងប្អូនកម្មករនិយោជិតដែលបម្រើការងារក្នុងវិស័យកាត់ដេររាប់ម៉ឺននាក់កំពុងសស្រាក់សស្រាំ ចុះឈ្មោះតាមរយៈរដ្ឋបាល ក៏ដូចជាម្ចាស់ ឬនាយកក្រុមហ៊ុន ដើម្បីផ្ញើរមកក្រសួងក្នុងការរៀបចំចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលខាងមុខ។
ឯកឧត្តម អ៊ុក ចាន់ធូ ប្រធាននាយកដ្ឋានអធិការកិច្ចការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័តមាន ប៊ីធីវីថា ការចាក់វ៉ាក់សាំងកូវីដ១៩ទៅដល់កម្មករនិយោជិត មិនទាន់កំណត់បានទេ ដោយសារពេលនេះបងប្អូនកម្មករកំពុងសស្រាក់សស្រាំចុះឈ្មោះដើម្បីត្រៀមចាក់ និងក្រោយចប់សព្វគ្រប់ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសចាក់វ៉ាក់សាំងជូនដល់គ្រូពេទ្យ ដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បញ្ជូនឈ្មោះមក។ ឯកឧត្តមបានអំពាវនាវបន្ថែមថា សូមឲ្យបងប្អូនកម្មករនិយោជិតទាំងអស់ រួសរាន់បញ្ជូនឈ្មោះដើម្បីចាក់វ៉ាក់សាំងនដើម្បីការពារនូវអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារ។
កាលពីសប្តាហ៍កន្លងទៅនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជួយសម្របសម្រួលម្ចាស់ ឬនាយករោងចក្រដែលជាសមាជិករៀបចំបញ្ជីឈ្មោះគ្រូពេទ្យ ដើម្បីចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កម្មករ កម្មការនី និយោជិត។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់ឱ្យដឹងថា ដោយមានរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាល សហការជាមួយក្រសួងសុខាភិបាល ដើម្បីបណ្តុះបណ្តាលបច្ចេកទេសចាក់វ៉ាក់កូវីដ១៩ ជូនដល់គិលានុបដ្ឋ គិលានុបដ្ឋាយិកា តួលេខដែលប្រមូលបាននាពេលនេះ គឺមានចំនួនជាង៥០០ ដែលជាតួលេខមួយខ្ពស់គួរជាទីពេញចិត្ត។
សូមបញ្ជាក់ទៀតថា បច្ចុប្បន្ន សមាជិក នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា រួមមាន៖វិស័យរោងចក្រកាត់ដេរ, រោងចក្រផលិត ផលិតផលធ្វើដំណើរ និងរោងចក្រផលិតស្បែកជើង សរុបចំនួនប្រមាណជាង ៦០០សមាជិក ដែលស្មើនឹងកម្មករនិយោជិតសរុបចំនួនប្រមាណជាង ៧៥ម៉ឺននាក់៕អត្ថបទ ៖ បូរ៉ាវី








