កីឡាអាស៊ីអាគ្នេយ៍៖ កម្ពុជាបានសម្រេចជោគជ័យធំៗចំនួន ៣ ក្នុងថ្ងៃទី២ នៃកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្រោមការដឹកនាំរបស់កម្ពុជាដែលជាប្រធានប្ដូរវេន។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃទី២ នៅល្ងាចថ្ងៃទី១២ ខែកក្កដា គឺជាកិច្ចប្រជុំគណៈកម្មការប្រតិបត្តិរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បន្ទាប់ពីមានការប្រជុំតាមគណៈកម្មការជំនាញនីមួយៗកាលពីព្រឹកថ្ងៃដដែល។ ឯកឧត្តមមានប្រសាសន៍ថា ក្រោយឆ្លងកាត់ការពិភាក្សា និងផ្ដល់មតិយោបល់គ្នារវាងប្រតិភូជាសមាជិកទាំង ១១ប្រទេសបានសម្រេចជោគជ័យ ៣ចំណុចដែលគណៈកម្មការប្រតិបត្តិនេះ បានសម្រេច និងគាំទ្រ ទី១-ការគាំទ្រកម្ពុជាដាក់កីឡា ៤២ប្រភេទក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ទី២-ការកែសម្រួលមាត្រាមួយចំនួននៃធម្មនុញ្ញស៊ីហ្គេម ពិសេសការលក់សិទ្ធទូរទស្សន៍ និងទី៣-ការសម្រេចផែនការរៀបចំប្រទេសម្ចាស់ផ្ទះបន្ដវេន ៣ដងបន្ទាប់ពីកម្ពុជា។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជានាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជាដដែលបានគូសបញ្ជាក់ថា អ្វីដែលបានសម្រេចក្នុងកិច្ចប្រជុំថ្ងៃទី២ នឹងត្រូវយកមកធ្វើការសម្រេចជាឯកច្ឆន្ទចុងក្រោយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក៏ដូចជាការអញ្ជើញចូលរួមថ្លែងសន្ទរកថាបើករបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដើម្បីផ្ដល់នូវគន្លឹះបន្ថែម និងភាពទុកចិត្តបន្ថែមដល់ប្រតិភូ និងបណ្ដាប្រទេសជាសមាជិកផងដែរ៕
អត្ថបទ៖ លី ឈុនឡា