បារាំង៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសបារាំងបាននិយាយកាលពីថ្ងៃអង្គារថា នៅសល់ពេលតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះមុនពេលបិទទ្វារ ក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ2015 ជាមួយមហាអំណាចពិភពលោក។

ថ្លែងទៅកាន់ក្រុមតំណាងរាស្ត្រ លោកស្រី Catherine Colonna បាននិយាយថា ស្ថានភាពលែងអំណោយផលទៀតហើយ និងបានចោទអ៊ីរ៉ង់ថា កំពុងប្រើយុទ្ធវិធីពន្យារពេល និងត្រឡប់ទៅកាន់ទីតាំងដែលធ្លាប់បានព្រមព្រៀង អំឡុងការចរចាក្នុងទីក្រុង Doha ប្រទេសកាតាកាលពីដើមខែនេះ ខណៈបោះជំហានទៅរកកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។ លោកស្រី Colonna បាននិយាយថា នៅមានឱកាសសម្រាប់អ៊ីរ៉ង់ដើម្បីឈានទៅដល់ការសម្រេចចិត្តចុងក្រោយ ក្នុងការទទួលយកកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើការដើម្បីបង្កើតឡើង ប៉ុន្តែពេលវេលាកំពុងដើរទៅមុខ ដោយព្រមានថា បើសិនអ៊ីរ៉ង់នៅតែបន្តគន្លងបច្ចុប្បន្នរបស់ខ្លួននោះ អ៊ីរ៉ង់នឹងក្លាយជារដ្ឋអាវុធនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការបរទេសថ្មីរបស់បារាំងរូបនេះបានបញ្ជាក់ថា ពេលវេលាកំពុងដើរទៅមុខ។ ទីក្រុងតេអេរ៉ង់ត្រូវតែដឹងរឿងនេះឲ្យច្បាស់ ដោយបន្ថែមថា ការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យកាន់តែលំបាកក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងនេះ។ កាលពីសប្ដាហ៍មុន ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុក ការចរចាស្តារកិច្ចព្រមព្រៀងឡើងវិញបាននិយាយថា អ៊ីរ៉ង់បានបន្ថែមការទាមទារដែលមិនពាក់ព័ន្ធនឹងការពិភាក្សា ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរអំឡុងការចរចាចុងក្រោយបំផុត និងបានបង្កើនល្បឿនគួរឲ្យព្រួយបារម្ភក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម៕
អត្ថបទ៖ សុខមាន