ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញថ្វាយ ព្រះករុណ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ថ្មី មាត្រា១០២ មាត្រា១១៩ថ្មី(មួយ) មាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការប្រក្រីនៃស្ថាប័នជាតិ។
កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទ ដោយ០៩សំឡេង នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសរុបចំនួន ០៩ រូប ដោយថ្វាយមតិព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ គឺអាចធ្វើទៅបាន ដោយហេតុថា ការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញនេះ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ គឺផ្អែកលើមាត្រា ១៥៣ថ្មី មាត្រា ១៥៤ថ្មី និងមាត្រា១៥៥ថ្មី នៃរដ្ឋធម្មនុញ្ញ។




