អ៊ុយក្រែន៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិលជាង ៥ពាន់នាក់បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមវាយលុក។
ការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់ ៥,០២៤នាក់រួមទាំងកុមារ ៣៤៣នាក់បានស្លាប់គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ។ យោធារុស្ស៊ីកំពុងបង្កើនការវាយសន្ធាប់ដោយកាំភ្លើងធំ និងមីស៊ីលនៅក្នុងតំបន់ Donetsk ភាគខាងកើត។ អង្គភាពសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែននិយាយថា អគារលំនៅឋានប្រជាពលរដ្ឋកម្ពស់ ៥ជាន់ត្រូវបានវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍ ហើយមនុស្ស ៣១នាក់បានស្លាប់។ ចំណែកទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ថា ជនស៊ីវិល ៧នាក់បានស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងអ៊ុយក្រែនលើទីក្រុង Kherson ភាគខាងត្បូងរបស់អ៊ុយក្រែនដែលបានគ្រប់គ្រងដោយរុស្ស៊ី៕
អត្ថបទ៖ សុខមាន