កោះកុង៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ ដោយមានអាជ្ញាធរភូមិឃុំ ព្រឹកថ្ងៃទី១៣ ខែកក្កដានេះ បានចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះភូមិប្រលាន ឃុំកណ្តោល ដែលរងផលប៉ះពាល់លិចផ្ទះនិងបាត់បង់សត្វពាហនៈដោយសារភ្លៀងជោគជាំរយ:ពេល២ថ្ងៃកន្លងមកនេះ។
លោកអភិបាលស្រុក ក៏បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នមើលថែកូនចៅ និងរៀបចំទុកដាក់សម្ភារៈអោយនៅលើទីទួល កុំឱ្យមានការខូច ឬបាត់បង់បន្តទៀត។ ករណីស្ថានភាពជន់លិចកាន់តែខ្លាំង អាជ្ញាធរត្រៀមជួយសង្រ្គោះ។ ការរងផលប៉ះពាល់ដោយព្យុះភ្លៀងនេះពុំបង្កឱ្យពលរដ្ឋបាត់បង់ជីវិតនោះឡើយ ដោយខូចខាតផ្ទះសម្បែង គោក្របី បច្ចុប្បន្ន អាជ្ញាធរកំពុងចុះស្រង់ស្ថិតិពលរដ្ឋរងគ្រោះបន្ត៕ (ដោយ៖ឈឹម មករា)







