ភ្នំពេញ៖ ប្រជាពលរដ្ឋបានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ នៅមណ្ឌលសុខភាពទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីករណីឆ្លងកូវីដ-១៩ កើនឡើងបន្តិចបន្តួច។
បើតាមលោក ប៉ាវ សំអាត អ្នកសម្របសម្រួលទូទៅនៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មណ្ឌលសុខភាពទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមរយៈបណ្តាញBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះថា ដោយហេតុថា មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជា មានការទទួលឆ្លងករណីថ្មីនៃជំងឺកូវីដ១៩កើនឡើងបន្តិចបន្តួច។
ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងណែនាំអនុសាសន៍ បន្ទាប់ពីមានការឆ្លងកូវីដ១៩ ឡើងវិញបន្តិច សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពទួលគោក គឺក្រុមគ្រូពេទ្យរងចាំចាក់ជូនជារៀងរាល់ថ្ងៃ។
ទន្ទឹមគ្នានោះដែរ អាណាព្យាបាលនាំកូនៗមកចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជំរុញ បានថ្លែងអំណរគុណជាទីបំផុតចំពោះការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ និងកុមារ ពីដូសទី១ រហូតដល់ដូសទី៥ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវនេះ។
ជាចុងក្រោយលោក ប៉ាវ សំអាត បានបញ្ជាក់ទៀតថា ក្រៅពីការចាក់វ៉ាក់សាំងនៅទីតាំងមណ្ឌលសុខភាពទួលគោកហើយនោះ ក្រុមការងារគ្រូពេទ្យ សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ បន្តចុះចាក់វ៉ាក់សាំងតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើរពីផ្ទះមួយទៅផ្ទះមួយ ក៏ជាដូចជានៅតាមសាលា ផ្សារ តំបន់រោងចក្រ និងទីប្រជុំជននានា ដោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ ឲ្យបានចំនួនច្រើនលឿនបំផុត និងគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩៕ អត្ថបទ រដ្ឋា







