WHO៖ ប្រមុខអង្គការសុខភាពពិភពលោកបានព្រមានថា វីរុសរាតត្បាតកូរ៉ូណានៅមិនទាន់ឈានទៅរកចំណុចបញ្ចប់នៅឡើយ ដោយសំអាងដល់រលកថ្មីនៅជុំវិញពិភពលោក និងកំពុងបង្ហាញការព្រួយបារម្ភថា វីរុសនេះកំពុងចម្លងដោយគ្មានការទប់ស្កាត់។
លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកបារម្ភថា ចំនួនករណីឆ្លងកំពុងបន្តហក់ឡើង និងកំពុងដាក់សម្ពាធថែមទៀតលើប្រព័ន្ធសុខាភិបាល និងបុគ្គលិកសុខាភិបាលសកល។ លោកបានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា ខណៈដែលវីរុសនេះវាយប្រហារមកលើយើង យើងត្រូវវាយប្រហារតប។ យើងកំពុងស្ថិតនៅចំណុចប្រសើរច្រើនជាងការចាប់ផ្ដើមផ្ទុះជំងឺរាតត្បាតសកលនេះ។ លោកថា ជាការពិតពេលនេះយើងមានការរីកចម្រើនច្រើន។
យើងមានសុវត្ថិភាព និងឧបករណ៍ប្រកបដោយប្រសិទ្ធភាពដែលទប់ស្កាត់ការឆ្លង ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាអ្នកស្លាប់។ ទោះយ៉ាងនេះក្ដី យើងមិនគួរទទួលយកត្រឹមចំណុចនេះនោះទេ។ ស្របពេលការឆ្លងវីរុស COVID-19 នៅតែកើនឡើង ហើយចំនួនអ្នកជំងឺចូលសម្រាកព្យាបាលកំពុងហក់ឡើង លោក Tedros បានជំរុញដល់រដ្ឋាភិបាលនានាឲ្យបង្កើនការព្យាយាម និងវិធានការធ្វើតេស្តដូចជាការពាក់ម៉ាស់ និងបង្កើនចំនួនម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម និងការធ្វើតេស្ត និងវិធីព្យាបាល៕
អត្ថបទ៖ សុខមាន