បាល់ទាត់៖ ខ្សែបម្រើបារាំង Paul Pogba បាននិយាយថា ការផ្លាស់ប្តូរគ្រូបង្វឹកជារៀងរាល់ឆ្នាំគឺជាការលំបាកនៃអាជីពរបស់ខ្លួននៅក្រុមបិសាចក្រហម Manchester United ដែលធ្វើឱ្យអាជីពរបស់គេនៅអង់គ្លេសមិនជោគជ័យ។
Paul Pogba បានចាកចេញពី Juventus មកកាន់ Manchester United កាលពីឆ្នាំ២០១៦ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកពេលនោះ មុនពេលចាកចេញត្រលប់មកអ៊ីតាលីវិញក្រោយផុតសុពលភាពកិច្ចសន្យា។ និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Turin ម្សិលមិញកីឡាករវ័យ ២៩ឆ្នាំរូបនេះឱ្យដឹងថា ការផ្លាស់ប្តូរគ្រូបង្វឹករាល់ឆ្នាំពិតជារឿងលំបាកសំរាប់រូបគេ បូកផ្សំទាំងបញ្ហារបួសទៀតដែលសុទ្ធតែឧបសគ្គរារាំងជោគជ័យរបស់គេ។ រំលឹកថា Paul Pogba បានចូលរួមជាមួយ Manchester United ដំបូងនៅឆ្នាំ២០០៩ ផ្ទេរពីក្លិបបារាំង Le Havre ក្នុងវ័យត្រឹម ១៦ឆ្នាំ។
តែនៅឆ្នាំ២០១២ Pogba បានចាកចេញនៅពេលកិច្ចសន្យាសន្យាអស់សុពលភាពនៅខែកក្កដា ឆ្នាំ២០១២ ក្រោយបង្ហាញខ្លួនឱ្យ Manchester United ត្រឹម ៧ប្រកួតប៉ុណ្ណោះ។ ទៅដល់ Juventus, Paul Pogba បានឈ្នះពានសំខាន់ចំនួន ៨ នៅទីក្រុង Turin បូករួមទាំងពាន Serie A បួនរដូវកាលជាប់គ្នា។ ត្រលប់មកកាន់ Manchester United, Paul Pogba បានឈ្នះពាន EFL Cup និង UEFA Europa League ក្នុងរដូវកាលដំបូងនៃការវិលត្រលប់របស់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ