បាល់ទាត់៖ ខ្សែបម្រើអេស្ប៉ាញ Rodri បានសំរេចបន្តកិច្ចសន្យាថ្មីជាមួយ Manchester City ដែលនឹងរក្សារូបគេនៅកីឡដ្ឋាន Etihad ដល់ឆ្នាំ២០២៧។
សមាជិកក្រុមជំរើសជាតិអេស្ប៉ាញវ័យ ២៦ឆ្នាំរូបនេះបង្ហាញខ្លួនសរុបឱ្យ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola ១៥១ប្រកួតហើយតាំងពីផ្លាស់មកពីក្លិបអេស្ប៉ាញ Atletico Madrid កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ ៦២.៨លានផោន។ តាំងពីពេលនោះមក Rodri បានឈ្នះពានសរុបនៅ Etihad ៥ពានសំខាន់ៗដែលបូករួមទាំងពាន English Premier League រដូវកាលជាប់គ្នាផងដែរ។
កិច្ចសន្យាចាស់របស់ Rodri ត្រូវអស់សុពលភាពត្រឹមឆ្នាំ២០២៤ តែ Manchester City បានចាត់ទុករូបគេជាសមាជិកសំខាន់ដែលត្រូវប្រើប្រាស់រយៈពេលវែង ស្របពេលតំណែងដូចគ្នានេះគឺកីឡាករប្រេស៊ីល Fernandinho បានចាកចេញទៅកាន់ទឹកដីប្រេស៊ីលទៅហើយ។ Manchester City នឹងត្រូវបើករដូវកាលថ្មីក្របខណ្ឌ English Premier League ទទួលក្រុមឡើងថ្មី AFC Bournemouth នៅថ្ងៃទី១៣ ខែសីហាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ