ហៃទី៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានព្រមានថា ភាពអត់ឃ្លាននៅក្នុងប្រទេសហៃទីនឹងកើនឡើងក្នុងពេលដែលអតិផរណាកើនឡើង ការចំណាយខ្ពស់លើស្បៀងអាហារ និងប្រេងឥន្ធនៈ និងការកើនឡើងអំពើហិង្សា។

លោក Jean-Martin Bauer នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសហៃទីបាននិយាយថា មនុស្សប្រមាណ 1.3លាននាក់កំពុងប្រឈមគ្រោះអាសន្នអសន្តិសុខស្បៀង។ ប្រជាជន 1.3លាននាក់នៅក្នុងប្រទេសហៃទី យើងបានចាត់ទុកថា ជាដំណាក់កាលប្រឈមអសន្តិសុខស្បៀងក្នុងភាពអាសន្ន ហើយដំណាក់កាលចុងក្រោយនឹងជាដំណាក់កាលធ្ងន់ធ្ងរបំផុតនៃសន្តិសុខស្បៀង ជាអ្វីដែលយើងហៅថាទុរ្ភិក្ស។ ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងបណ្តាលមកពីជំងឺរាតត្បាត COVID-19 គ្រោះមហន្តរាយធម្មជាតិ ការឡើងថ្លៃអាហារ និងថាមពលដែលបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងអំពើហិង្សារបស់ក្រុមជនអន្ធពាលនៅហៃទី។
កាលពីខែមុន បេសកជនពិសេសរបស់អង្គការសហប្រជាជាតិបានព្រមានថា នគរបាលជាតិហៃទីត្រូវការជំនួយបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងអំពើហិង្សា ព្រោះអសន្តិសុខកាន់តែខ្លាំងឡើងឆាប់រហ័ស។ ការកាន់កាប់របស់ក្រុមជនអន្ធពាលលើទឹកដីនេះ បានកើនឡើងចាប់តាំងពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moïse កាលពីមួយឆ្នាំមុន ខណៈលោកត្រូវបានគេបាញ់សម្លាប់នៅលំនៅឋានកាលពីថ្ងៃទី7 ខែកក្កដា ហើយពួកគេគ្រប់គ្រងផ្លូវធំៗដែលឆ្ពោះទៅភាគខាងជើង និងខាងត្បូងពីរដ្ឋធានី៕
អត្ថបទ៖ ប៊ុនថន