ប្រណាំងកង់៖ កីឡាករប្រណាំងកង់ដាណឺម៉ាក Magnus Cort បានប្រជែងឈ្នះដំណាក់កាលទី១០ នៃព្រឹត្តិការណ៍ Grand Tour, Tour de France ខណៈដែលអ្នកការពារតំណែងជើងឯក Tadej Pogacar នៅតែបន្តនាំមុខរួម។

ការប្រកួតដំណាក់កាលទី១០ ដែលមានចំងាយផ្លូវ ១៤៨.៥គីឡូម៉ែត្រមានការរំខានប្រមាណ ១០នាទីដោយបាតុករដែលជាសកម្មជនការពារបរិស្ថានដែលសរសេរនៅលើអាវយឺតថា “We Have 989 Days Left”។ យ៉ាងណាក្តីក្រោយផ្អាក ១០នាទីការប្រកួតបានបន្តដោយកីឡាកររបស់ក្រុម EF Education, Magnus Cort មកដល់ទីព្រ័ត្រមុនគេចំណាយពេលពេល ៣ម៉ោង ១៨នាទី ៥០វិនាទីប្រកៀកប្រកិតនឹងអ្នកលេខ២ កីឡាករអូទ្រីស Nicholas Schulz ពោលគឺអ្នកឈ្នះត្រូវឆែកមើលរូបភាពសារឡើងវិញទើបដឹង។
ដោយឡែកក្រោយ ១០ដំណាក់កាលនេះអ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Tadej Pogacar នៅតែបន្តនាំមុខក្នុងតារាងរួមដដែលមានវេលាចំណេញលើអ្នកលេខ២ កីឡាករអាល្លឺម៉ង់ Lennard Kamna ១១វិនាទី និងលេខ៣ កីឡាករដាណឺម៉ាក Jonas Vingegaard យឺតជាង ៣៩វិនាទី។ សំរាប់ដំណាក់កាលទី១១ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៥២គីឡូម៉ែត្រឆ្លងកាត់តំបន់ភ្នំ៕
អត្ថបទ៖នាង សុភាវុធ