វាយកូនបាល់៖ កីឡាករវាយកូនបាល់អូទ្រីស Dominic Thiem បានបង្ហាញពីអារម្មណ៍រីករាយ ក្រោយឈ្នះការប្រកួតដំបូងនៃការវិលត្រលប់វិញក្រោយអវត្តមានតាំងពីខែឧសភា ឆ្នាំ២០២១ ដោយសាររបួស។

កីឡាករវ័យ ២៨ឆ្នាំជើងឯក US Open ឆ្នាំ២០២០ រូបនេះបានសម្រាកដល់ទៅ ៩ខែព្យាបាលរបស់កដៃ។ ទម្រាំរកបានជ័យជំនះ Dominic Thiem បានរងបរាជ័យ ៧ប្រកួតមកហើយតាំងពីវិលចូលប្រកួតវិញកាលពីមិនា មុនពេលដែលយកឈ្នះកីឡាករហ្វាំងឡង់ Emil Ruusuvuori ៣-៦, ៦-១ និង ៧-៦(៧-៥) នៅពានរង្វាន់ ATP Bastad Open។ រំលឹកថា Dominic Thiem បានឈ្នះជើងឯក Grand Slam លើកដំបូងនៅ US Open ឆ្នាំ២០២០ ដោយយកឈ្នះកីឡាករអាល្លឺម៉ង់ Alexander Zverev នៅពេលនោះ។ ក្រៅពីនោះ Thiem ក៏ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ French Open ពីរលើកដែរតែចាញ់ Rafael Nadal ទាំងពីរលើកនៅឆ្នាំ២០១៨ និង ២០១៩ ហើយក៏ធ្លាប់ចាញ់ Novak Djokovic ដែរនៅ Australian Open ឆ្នាំ២០២០៕
អត្ថបទ៖នាង សុភាវុធ