វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka បានបន្តស្ថិតិឈ្នះជាប់គ្នារបស់ខ្លួនឡើងដល់ ២៣ប្រកួត បន្ទាប់ពីជ័យជំនះលើកីឡាការិនីប៊ែលហ្ស៊ីល Elise Mertens ឡើងវគ្គ ៨នាក់ចុងក្រោយ Miami Open នៅសហរដ្ឋអាមេរិក។ Naomi Osaka ដែលស្ថិតិឈ្នះជាប់គ្នារបស់ខ្លួនរួមមានឈ្នះជើងឯក Australian Open និង US Open នោះបានយកឈ្នះកីឡាការិនីលំដាប់លេខ ១៦ Elise Mertens លទ្ធផល ៦-៣ និង ៦-៣។

ជុំបន្ត Osaka នឹងត្រូវជួបជាមួយកីឡាការិនីក្រិកលំដាប់លេខ ២៣ Maria Sakkari រឺកីឡាការិនីអាមេរិកលំដាប់លេខ ២៩ Jessica Pegula។ ងាកមកកីឡាការិនីលំដាប់លេខ១ ពិភពលោកអូស្ត្រាលី Ashleigh Barty ក៏មិនមានបញ្ហាដែរ ក្រោយពីយកឈ្នះកីឡាការិនីបេឡារុស Victoria Azarenka លទ្ធផល ៦-១, ១-៦ និង ៦-២។ នេះជាការចេញមកប្រកួតក្រៅប្រទេសលើកដំបូងសំរាប់ Ashleigh Barty ចាប់តាំងពីការផ្ទុះឡើងនៃមេរោគរាតត្បាតសកល Covid-19។ អ្នកការពារតំណែងជើងឯក Miami Open, Ashleigh Barty នឹងបន្តជួបជាមួយកីឡាការិនីបេឡារុសម្នាក់ទៀត Aryna Sabalenka នៅវគ្គ ៨នាក់ចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ