ស្រីលង្កា៖ ប្រធានាធិបតីស្រីលង្កាបានភៀសខ្លួនចេញពីប្រទេសនៅព្រឹកថ្ងៃពុធនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអ្នកតវ៉ាបានសម្រុកចូលលំនៅឋាន និងការិយាល័យរបស់លោក និងលំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចរយៈពេល ៣ខែបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈធ្ងន់ធ្ងរ។

យោងតាមមន្ត្រីអន្តោប្រវេសន៍ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រធានាធិបតីលោក Gotabaya Rajapaksa ភរិយារបស់លោក និងអង្គរក្សពីរនាក់បានចាកចេញតាមយន្តហោះកងទ័ពអាកាសប្រទេសស្រីលង្កា ឆ្ពោះទៅកាន់ទីក្រុង Male រដ្ឋធានីប្រទេសម៉ាល់ឌីវ។ លោក Rajapaksa បានយល់ព្រមចុះចេញពីតំណែងក្រោមសម្ពាធ ហើយសភាស្រីលង្កាតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ។ ការិយាល័យនាយករដ្ឋមន្ត្រីនិយាយថា បន្ទាប់ពីប្រធានាធិបតីភៀសខ្លួនចេញ ប្រទេសស្រីលង្កាបានប្រកាសរដ្ឋក្នុងគ្រាអាសន្ន។ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុកររាប់ពាន់នាក់ ដែលសម្រុកទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុងកូឡំបូនៅថ្ងៃពុធនេះ។

ក្រុមបាតុករកំពុងទាមទារឲ្យលោក Ranil Wickremesinghe លាលែងពីតំណែងរួមជាមួយប្រធានាធិបតីលោក Gotabaya Rajapaksa ដែលបានសន្យាលាលែងនៅថ្ងៃពុធនេះ ហើយបានភៀសខ្លួនតាមយន្តហោះទ័ពអាកាសទៅកាន់ប្រទេសម៉ាល់ឌីវ។ នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បាននិយាយថា លោកនឹងចាកចេញនៅពេលដែលរដ្ឋាភិបាលថ្មីចូលកាន់តំណែង។ សមាជិកសភាបានព្រមព្រៀងជ្រើសតាំងប្រធានាធិបតីថ្មីនៅសប្តាហ៍ក្រោយ ប៉ុន្តែបានព្យាយាមកាលពីថ្ងៃអង្គារក្នុងការសម្រេចចិត្តលើការរៀបចំរដ្ឋាភិបាលថ្មី ដើម្បីទប់ប្រទេសដែលក្ស័យធនមួយនេះមិនឲ្យដួលរលំសេដ្ឋកិច្ច និងនយោបាយ។ ការលាលែងពីតំណែងដែលបានសន្យាមិនបានបញ្ចប់វិបត្តិនោះទេ ហើយក្រុមបាតុករបានប្តេជ្ញាថានឹងកាន់កាប់អគារជាច្រើន រហូតដល់មេដឹកនាំកំពូលរបស់ពួកគេចាកចេញពីតំណែង៕
អត្ថបទ៖ ប៊ុនថន