បទវិចារណកថា៖ « មរណភាពលោក ស៊ីនហ្សូ អាបេ ជាសារដាស់តឿនឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពថ្នាក់ដឹកនាំ »

2022/07/13 10:36:51 pm        976

ភ្នំពេញ៖ មរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ដ្រីជប៉ុន កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ភ្ញាក់ផ្អើលត្រង់ថា លោកស្លាប់ដោយសារករណីឃាតកម្មបាញ់សម្លាប់។

ជនសង្ស័យឈ្មោះTetsuya Yamagami អាយុ៤១ឆ្នាំ ត្រូវចាប់ខ្លួនបានភ្លាមៗនៅនឹងកន្លែងកើតហេតុ គឺនៅក្នុងទីក្រុងNara ជាទីដែលលោកអាបេ កំពុងថ្លែងសារទៅកាន់ប្រជាជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មុនពេលរងការបាញ់ប្រហារ។

ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសួរចម្លើយ។ បើតាមការបញ្ជាក់ពីប៉ូលិស ជនសង្ស័យឆ្លើយយ៉ាងខ្លីថា រូបលោកមិនពេញចិត្ដនឹងលោក ស៊ីនហ្សូ អាបេ ទើបមានបំណងចង់សម្លាប់លោកអាបេ។ យ៉ាងណាក៏ដោយ មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី០៩ ខែកក្កដា យោងតាមប្រភពស៊ើបអង្កេត ជនសង្ស័យសារភាពបន្ថែមថា ដំបូងរូបគេគ្រោងវាយ​ប្រហារ​មេដឹកនាំអង្គការសាសនាមួយ ដែលគេជឿជាក់ថា បានធ្វើឱ្យម្ដាយរបស់គេត្រូវក្ស័យធន​តាមរយៈការបរិច្ចាគ​ដល់សាសនានោះ។

គេសារភាពទៀតថា មានចេតនាសម្លាប់លោក អាបេ ដោយជឿជាក់ថាលោក អាបេ បានជាប់​ពាក់ព័ន្ធ​ទៅ​នឹងការផ្សព្វផ្សាយក្នុងអង្គការនេះនៅក្នុងប្រទេសជប៉ុន ប៉ុន្ដែ​ប៉ូលិស​មិនបានលម្អិត​ពី​អង្គការសាសនានោះឡើយ។ បើតាមជនសង្ស័យ​ មុនធ្វើសកម្មភាព រូបគេបានទៅមើល​ទីតាំង​ដែលលោក អាបេ ថ្លែងសុន្ទរកថាច្រើនដង។

ឧប្បត្តិហេតុនៃអំពើហិង្សាដោយកាំភ្លើង គឺពិតជាកម្រមានណាស់នៅក្នុងប្រទេសជប៉ុន ខណៈដែល​ប្រទេសនេះ​មានច្បាប់គ្រប់គ្រងកាំភ្លើងតឹងរ៉ឹងបំផុតលើពិភពលោក ហើយ​ឧប្បត្តិហេតុ​នៃអំពើហិង្សា​ផ្នែកនយោបាយ គឺស្ទើរតែមិនធ្លាប់មានសោះតែម្តង។ ក្នុងឆ្នាំ២០១៤ មាន​ឧបទ្ទវហេតុ​នៃការស្លាប់​ដោយកាំភ្លើងត្រឹមតែ៦ករណីប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន បើប្រៀបធៀបទៅ​នឹង​សហរដ្ឋ​អាមេរិកមាន​រហូតដល់ទៅ៣៣,៥៩៩ករណី។

ប៉ុន្ដែគ្រប់យ៉ាងពិតជាមិនអាចប៉ាន់ស្មានដឹងមុន ហើយរឿងអ្វីក៏អាចកើតឡើងបានដែរ។ ឃាតកដែលធ្លាប់ជាកងទ័ពស្វ័យការពារដែនសមុទ្រជប៉ុន បានប្រើប្រាស់កាំភ្លើងច្នៃដើម្បី​បាញ់​សម្លាប់លោក អាបេ ហេតុនេះពិតជាពិបាកនៅក្នុងការកំណត់អត្ដសញ្ញាណ។ តែទោះជាយ៉ាងណា វាជាមេរៀននិងជាសារដាស់តឿនដល់ជប៉ុន និងទៅដល់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការរក្សាសន្ដិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ បុគ្គល ឬឥស្សរជន​សំខាន់ៗ​។ មិនថាខ្លួនជាប្រទេសធ្លាប់មានសុវត្ថិភាពកម្រិតណាក៏ដោយ ការពង្រឹងលើផ្នែកសន្ដិសុខ​នៅតែជារឿងសំខាន់មិនអាចធ្វេសប្រហែសបាន។

សម្រាប់កម្ពុជា ក្រោយកើតហេតុការណ៍នេះ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃ​បញ្ជាការដ្ឋាន​អង្គរក្ស នៅថ្ងៃទី៩ ខែកក្កដា បានរៀបចំប្រជុំដកពិសោធន៍មួយជាបន្ទាន់។ នៅក្នុងកិច្ចប្រជុំ មេ​បញ្ជាការរូបនេះ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យមេបញ្ជាការ​ មេបញ្ជាការរង នាយទាហាន​បង្គោលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងបន្ថែមទៀតលើកិច្ចការងារការពារសន្តិសុខ​សុវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូលរបស់ជាតិ-អន្តរជាតិ ពិសេសនោះគឺ ការពារសន្តិសុខ សុវត្ថិភាព​ជូននាយករដ្ឋមន្ត្រី និងភរិយា ឱ្យបាន ១០០ភាគរយ ទោះក្នុងតម្លៃណាក៏ដោយ។

អំពើឃាតកម្មលើលោក ស៊ីនហ្សូ អាបេ នេះទៀតសោត បើគិតពីផលអវិជ្ជមានសម្រាប់ជប៉ុន តិចឬច្រើនពិតជាធ្វើឱ្យប៉ះពាល់កេរ្ដិ៍ឈ្មោះជប៉ុនលើពិភពលោក។ ជាប្រទេសមួយដែល​ត្រូវបាន​គេចាត់ទុកថា មានភាពចាស់ទុំផ្នែកប្រជាធិបតេយ្យ ​តែបែជាកើតមានអំពើព្រៃផ្សៃបែបនេះ។ ចង់ ឬមិនចង់ ក្ដីបារម្ភពី​បញ្ហាសន្ដិសុខ មានដោយចៀសមិនរួច។ ភាពជាគំរូនៃប្រទេសដែល​មាន​សុវត្ថិភាព​បំផុត ក៏ទំនងជាត្រូវពិភពលោកផ្លាស់ប្ដូរទស្សនៈ​ និងដាក់សញ្ញាសួរថា តើនៅថ្ងៃខាងមុខ​ជប៉ុនអាចនឹងផ្ទុះហេតុការណ៍អ្វីទៀត ?

និយាយពីបរិបទពិភពលោក ចន្លោះពេលលោកអាបេត្រូវបានបាញ់សម្លាប់ ពិភពលោកកំពុងផ្ទុះរឿង​ចម្រូងច​ម្រាស់ធំៗច្រើនណាស់ទៅហើយ ដូចជាសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្ដ បញ្ហាកូវីដ-១៩ ក៏មិនទាន់បញ្ចប់ទៅវិញទាំងស្រុង ​ហើយអឺរ៉ុបក៏កំពុងរង្គោះរង្គើទាំងរឿងនយោបាយផង និងមាន​បញ្ហាជាមួយរុស្ស៊ី រឿងសង្គ្រាមនៅអ៊ុយក្រែនផង ហើយឥឡូវនៅជប៉ុនមានការណីបាញ់​សម្លាប់​អតីតនាយករដ្ឋមន្ដ្រី ពិតជារុញច្រានឱ្យសណ្ដាប់ធ្នាប់ពិភពលោកកាន់តែវឹកវរ។

គួរបញ្ជាក់ថា លោក ស៊ីនហ្សូ អាបេគឺជានាយករដ្ឋមន្ដ្រីដែលកាន់តំណែងយូរជាង​គេនៅក្នុង​ប្រទេសជប៉ុន។ លោកបានស្បថចូលកាន់តំណែងនាយករដ្ឋមន្ដ្រីជប៉ុនលើកដំបូងនៅឆ្នាំ២០០៦ ប៉ុន្ដែនៅឆ្នាំ២០០៧ លោកបានប្រកាសចុះចេញពីតំណែងវិញ ក្រោយដឹកនាំប្រទេសបានតែ​មួយ​ឆ្នាំគត់ មូលហេតុដោយសារមានបញ្ហាសុខភាព។

បន្ទាប់មកលោកបានវិលចូលសង្វៀននយោបាយជាថ្មី ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ​លោក អាបេ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ដ្រីជប៉ុនម្ដងទៀត។​ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៤ លោក អាបេ បន្ដក្លាយជានាយករដ្ឋមន្ដ្រី អាណត្ដិទីបី ក្រោយអំពាវនាវឱ្យរៀបចំការបោះឆ្នោតមុនកំណត់ ព្រោះស្ថានភាពក្នុងប្រទេសមិនល្អប្រសើរ។

នៅឆ្នាំ២០១៧ ការបោះឆ្នោតជាសកលបានរៀបចំឡើង​មុនកំណត់ម្ដងទៀត គឺនៅថ្ងៃទី២២ ខែតុលា ចន្លោះពេលមានការគំរាមកំហែងដោយសារការ​ធ្វើ​តេស្ដមីស៊ីលរបស់កូរ៉េខាងជើង។ រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ​ក៏ជាពេលវេលាចុងក្រោយ ដោយ​លោកត្រូវចុះចេញពីតំណែងព្រោះលក្ខខណ្ឌសុភាពមិនអាចឱ្យលោកបន្ដដឹកនាំប្រទេសតទៅទៀត។

ការស្លាប់របស់លោក អាបេ ពិតជាបានធ្វើឱ្យមានការយល់ដឹងកាន់តែច្បាស់ពីអ្វី​ដែលលោក​បាន​ផ្ដល់ឱ្យជប៉ុន។ ទីមួយនិងសំខាន់បំផុតនោះ គឺស្ថិរភាព និងសន្ដិសុខ។ មុនពេលលោក អាបេ ឡើង​កាន់អំណាចជាថ្មីក្នុងឆ្នាំ២០១២ ប្រទេសជប៉ុន​ទើបតែបានជួបនូវគ្រោះមហន្ដរាយដ៏ធំបំផុត​តាំង​ពីសង្គ្រាមលោកលើកទីពីរ គឺការរញ្ជួយដី រលកយក្សស៊ូណាមិ និងការផ្ទុះរលាយនុយក្លេអ៊ែរ​នៅ​ហ្វូគូស៊ីម៉ា។

ការគ្រប់គ្រងប្រទេសនៅពេលនោះគឺស្ថិតក្នុងភាពវឹកវរ សេដ្ឋកិច្ចជប៉ុនមិនអាចងើប​ឡើងវិញ​បានក្រោយដួលរលំទីផ្សារភាគហ៊ុនឆ្នាំ១៩៩២ ហើយក្នុងរយៈពេល២ទសវត្សមុន ជប៉ុនមាន​នាយករដ្ឋមន្ដ្រីរហូតដល់១៤រូបចូលដឹកនាំប្រទេស ក្នុងនោះ មានមួយរូបកាន់តំណែង​បានតែ៦៤ថ្ងៃប៉ុណ្ណោះ។

យ៉ាងណាសម្រាប់លោក អាបេ បានចូលកាន់តំណែងជាមួយនឹងថាមពលដ៏ខ្លាំងក្លា ហើយ​សំខាន់​បំផុតលោកបានបង្កើតផែនការសេដ្ឋកិច្ចមួយដែលលោកបានដាក់ឈ្មោះថា "Abenomics"។ លោកបានប្រកាសថា ជប៉ុនត្រឡប់មកវិញហើយ ស្ដារឡើងវិញនូវវិបត្ដិសាច់ប្រាក់ដែលជប៉ុន​បានជួបប្រទះឱ្យងើបឡើងវិញ។

មែនទែនទៅ ត្បិតថាបានជួយស្ដារសេដ្ឋកិច្ចជប៉ុន ប៉ុន្ដែមហិច្ឆិតាពេញមួយជីវិតរបស់លោក គឺបញ្ហាសន្ដិសុខជាតិ។ លោក អាបេ បានព្យាយាមបង្កើតសម្ព័ន្ធភាពដែលលោកហៅថា “ប្រទេសប្រជាធិបតេយ្យមានគំនិតដូចគ្នា” រួមមានឥណ្ឌា និងអូស្ដ្រាលី។ លោកក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសម្ព័ន្ធភាព Quad រវាងអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ដ្រាលី។ ប៉ុន្ដែគន្លឹះនៃគោលនយោបាយសន្ដិសុខរបស់ជប៉ុន គឺមានត្រា៩នៃរដ្ឋធម្មនុញ្ញ។

មនុស្សគ្រប់រូបនៅជប៉ុនអាចដឹងអត្ថន័យបាន នៅពេលនរណានិយាយ ពាក្យនេះ ព្រោះវាគឺជាផ្នែក​មួយ​ដ៏សំខាន់​នៃរដ្ឋធម្មនុញ្ញ ដែលធ្វើឱ្យប្រទេសជប៉ុនក្លាយ​ជាប្រទេសសន្ដិភាពនិយម។ នៅក្រោយសម័យសង្គ្រាមត្រជាក់ ​ជាមួយនឹងការកើនឡើងការគំរាមកំហែងពីចិននិងកូរ៉េខាងជើង លោក អាបេ បានប្ដេជ្ញាថា មាត្រា៩ត្រូវតែបោះជំហានទៅមុខ។ អតីតមន្ដ្រីការទូតជាន់ខ្ពស់ជប៉ុនមួយរូប និងជាមិត្ដភក្ដិរបស់លោក អាបេ ផងបាននិយាយថា “ខ្លឹមសារនៃរដ្ឋធម្មនុញ្ញគឺ ប្រទេសជប៉ុនគួរតែពឹងផ្អែកលើសុច្ឆន្ទៈរបស់ពិភពលោក សម្រាប់សន្ដិសុខរបស់ខ្លួន។”

ប៉ុន្ដែតើត្រូវធ្វើយ៉ាងណា? ការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុន គឺពិបាកខ្លាំង។ វាត្រូវការសំឡេងពីរភាគបីនៅក្នុងសភាទាំងពីររបស់ជប៉ុន ហើយត្រូវមានការគាំទ្រពីការបោះឆ្នោតប្រជាមតិ។ លោក អាបេ បានដឹងរឿងទាំងអស់នេះ ប៉ុន្ដែវាមិនអាចទៅរួច។ ដូច្នេះ លោកបានចេញដំណោះស្រាយមួយទៀត គឺលោកអនុម័តច្បាប់ “បកស្រាយឡើងវិញ” ដែលអត្ថន័យគឺមាត្រា៩។ លោកបានបកស្រាយឡើងវិញនូវមាត្រា៩ បានន័យថាបើអាមេរិកវាយលុក នោះអាចឱ្យជប៉ុនអះអាងបានពីសិទ្ធិក្នុងការការពារស្វ័យ​ភាពជាសមូហភាព។

យ៉ាងណាមហិច្ឆិតាធំបំផុតរបស់លោក ដែលចង់ឱ្យប៉ុនអាចប្រើប្រាស់កម្លាំងទ័ព និងសព្វាវុធដូចមុនសង្គ្រាមលោកលើកទីពីរមិនទាន់ជោគជ័យផង លោកបែរជាត្រូវទទួលមរណភាព។

ជារួម មូលហេតុដែលធ្វើឱ្យលោក អាបេ ត្រូវបានប្រជាជនជប៉ុនគោរពស្រឡាញ់ ហេតុផលដូចបានរៀបរាប់ត្រួសៗខាងលើ ព្រោះដោយលោកបានដោះស្រាយភាពចម្រូងចម្រាសជាច្រើនអំឡុងពេលលោកដឹកនាំប្រទេស រួមមាន ជម្លោះជាមួយប្រទេសចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្ដិការជាអន្ដរជាតិ និងព្យាយាមពង្រីកកេរ្ដិ៍ឈ្មោះជប៉ុននៅក្នុងពិភពលោក។

រីឯប្រជាប្រិយភាពលោកអាបេនៅលើឆាកអន្ដរជាតិវិញ ចាប់តាំងពីចូលកាន់តំណែងលោកបានបង្កើតទំនាក់ទំនងការទូតយ៉ាងល្អប្រសើរជាមួយប្រទេសជាច្រើនក្នុងពិភពលោក បើទោះបីជាមួយប្រទេសជាគូសត្រូវ តួយ៉ាងមានចិន ក៏លោកបានព្យាយាមសម្របសម្រួលកុំឱ្យមានវិវាទ។ ចំពោះកម្ពុជា លោកស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំជប៉ុនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ដ្រីកម្ពុជា ហើយបន្ដទំនាក់ទំនងនោះរហូតមក។ ជាងនេះទៅទៀត នៅក្នុងអាណត្ដិលោក អាបេ ជានាយករដ្ឋមន្ដ្រី ជំនួយយ៉ាងច្រើនរបស់ជប៉ុនបានផ្ដល់មកឱ្យកម្ពុជា។ ហេតុដូច្នេះហើយ មិនថាតែមេដឹកនាំកម្ពុជា តែមេដឹកនាំជាច្រើននៅក្នុងពិភពលោក បានផ្ញើសាររំលែកទុក្ខជាហូរហែចំពោះមរណភាពលោក ស៊ីនហ្សូ អាបេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm