ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឆ្នាំ២០២២ ឱ្យទាន់ពេលវេលា ត្រឹមថ្ងៃ៣០ ខែកញ្ញា ។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។
ក្នុងសេចក្ដីជូនដំណឹង ស្តីពីការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ ចុះថ្ងៃទី១២ ខែកក្កដា អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់ បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះឡើយ។
ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រកាសណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ រួសរស់ទៅប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែកញ្ញាខាងមុខ។
ម្ចាស់អចលនទ្រព្យនិង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ អាចទៅប្រកាសបង់ពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ អេស៊ីលីដា ឬធនាគារកាណាឌីយ៉ា ឬធនាគារវឌ្ឍនៈ ឬធនាគារដៃគូដទៃទៀត។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យទាំងអស់ ពិតជានឹងយកចិត្តទុកដាក់ និងទៅបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើនេះ៕ អត្ថបទ៖ វណ្ណៈ