ភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួង ស្ថាប័ននានានៅថ្នាក់ជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល កំពុងពិគ្រោះសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអាត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីប្រមូលធាតុចូលផ្សេងៗ ដែលសេចក្តីព្រាងច្បាប់នេះ នឹងជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងតាមដានភាពរីកចម្រើននៃសង្គម។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេក្តីព្រាងច្បាប់នេះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអាត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ ហើយនឹងក្លាយជាឧបករណ៍គតិយុត្ត ដែលសំខាន់បំផុត ក្នុងការធានាកិច្ចការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលរស់នៅក្នុងដែលសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ បានបន្តថា សេចក្តីព្រាងច្បាប់នេះទៀតសោត នឹងជួយធានាឲ្យពលរដ្ឋគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ តាមរយៈការផ្ដល់លេខសំគាល់អត្តសញ្ញាណបុគ្គលតែមួយគត់ សម្រាប់មនុស្សម្នាក់ៗ, ធានាឲ្យមានការបង្កើតប្រព័ន្ធកំណត់អត្តសញ្ញាណប្រជាជនរួមបញ្ចូលគ្នា ដែលភ្ជាប់ជាមួយប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងប្រព័ន្ធសញ្ជាតិ។
លោកជំទាវ បានបន្ថែមថា សេចក្តីព្រាងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអាត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នឹងធានាបាននូវការចែករំលែកទិន្នន័យច្បាស់លាស់តាមតម្រូវការរបស់ស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ និងជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងតាមដានភាពរីកចម្រើននៃសង្គម។
លោកជំទាវ ចាន់ សុទ្ធាវី បានបញ្ជាក់ថា លទ្ធផលដែលទទួលបាន ពីសិក្ខាសាលាថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ គឺជាមូលដ្ឋានព័ត៌មានដ៏សំខាន់ សម្រាប់ឲ្យក្រុមការងារយកទៅពិនិត្យផ្ទៀងផ្ទាត់ ជាមួយសេចក្តីព្រាងច្បាប់ ដើម្បីស្វែងរកចំណុច ដែលត្រូវបំពេញបន្ថែម៕អត្ថបទ៖ បាន សុខរិទ្ធិ