ព្រះសីហនុ៖ អាកាសធាតុអាប់អួរ បណ្ដាលឱ្យមានខ្យល់បោលបក់ខ្លាំងលើតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ធ្វើឱ្យបាក់ដួលរលំដើមឈើ ភ្លៀងលាយឡំខ្យល់បោកបក់ខ្លាំងបើងខ្សាច់នៅតាមឆ្នេរមកលើផ្លូវតាមបណ្តោយតោមឆ្នេរ និងការដឹកជញ្ជួនភ្ញៀវទៅតាមបណ្តាកោះត្រូវបានផ្អាក រហូតមកដល់ថ្ងៃល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
លោក ម៉ុត ភារី ជំនួយការសមាគមដឹកជញ្ជួនទេសចរណ៍ជលយាន ខេត្ដព្រះសីហនុ សមាគម បានតាម បន្ដដានអាកាសធាតុនេះ ជាមួយនឹងសេចក្ដីជូនដំណឹងរបស់ក្រួងធនធានទឹក និងឧតុនិយម ពិសេសការណែនាំរបស់គណៈ បញ្ជាការឯកភាពខេត្ដព្រះសីហនុ សមាគម បានបិទផ្អាកទូកទាំងអស់ មិនអនុញ្ញាតឱ្យចេញទេ លើកលែងតែតម្រូវការចាំ បាច់ទៅយកបុគ្គលិក ឬភ្ញៀវទេសចរ ដែលត្រូវត្រលប់មកដីគោក ប៉ុណ្ណោះ ចំណែការដឹកជញ្ជួនអ្នកដំណើរពីដីគោក ទៅដីទឹក មិនមានទេ។
លោក ហេង សោភណ្ឌរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដព្រះសីហនុ ប្រាប់ថា គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានណែនាំទៅអាជ្ញាធរ និងសមត្ថកិច្ច បន្តផ្សព្វផ្សាយពីស្ថានភាពអាប់អួរ នៅក្នុងទីក្រុង និងមាត់សមុទ្រ ដល់សាធារណជន ជាពិសេសទូកនេសាទ និងទេសចរណ៍ មិនបានចេញ។ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ។ ក្នុងអំឡុងមួយសប្តាហ៍ខាង មុខនេះ (១៣-១៩ ខែកក្កដា) ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅ លើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតីក្នុងកម្រិត ពីមធ្យមទៅខ្លាំង។ -ចាប់ពីថ្ងៃទី១៥-១៩ ខែកក្កដា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយ ទៅមធ្យម។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី២៣-២៥ºC និងសីតុណ្ហភាព អតិបរមា ពី៣១-៣៣°C នៅថ្ងៃទី១៣-១៤ ខែកក្កដា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចបង្កជាជំនន់ ទឹកភ្លៀងនៅផ្នែកខ្លះក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រ ខ្ពស់។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២៕ អត្ថបទ ៖ ប៊ុនថា


