ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញ និងបង្កើនទេសចរណ៍សហគមន៍ ឬទេសចរណ៍ផ្ទៃក្នុង ដើម្បីធានានិរន្តរភាពជីវភាពពលរដ្ឋ និងធនធានធម្មជាតិនៅតំបន់ទេសចរណ៍នានាទាំងនោះផងដែរ។
សម្ដេចតេជោបានផ្ដល់អនុសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។
សម្តេចបានមានប្រសាសន៍បន្តថា យ៉ាងណាក៏ដោយយើងក៏ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រឲ្យវិស័យទេសចរណ៍ផ្ទៃក្នុងរបស់យើងរីកចម្រើនផងដែរ។ ក្នុងវិស័យគាំទ្រនេះ រួមមានដូចជាការតភ្ជាប់ផ្លូវកសាងផ្លូវចូលទៅក្នុងតំបន់ដែលមានកន្លែងទេសចរណ៍ថ្មីៗដែលទើបនឹងកើតដែលចាំបាច់ត្រូវរៀបចំបង្កលក្ខណៈឲ្យមានផ្លូវថ្នល់ចូលទៅដល់ការដោះស្រាយទឹកស្អាតការដោះស្រាយអគ្គិសនីនិងសេវាទូរស័ព្ទជាដើម។
ក្នុងអនុសាសន៍សម្តេចបានផ្តាំផ្ញើឱ្យបន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង : ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” និងកិច្ចសហការជំរុញការអនុវត្ត “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
