ស្រីលង្កា៖ ប្រទេសស្រីលង្កាត្រូវបានជាប់គាំងក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយប្រធានាធិបតីរបស់ប្រទេសនេះបានចាកចេញពីប្រទេស ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអ្នកតវ៉ាដ៏ច្រើនបានសម្រុកចូលវិមានរបស់លោក។

ប្រទេសកោះដែលមានប្រជាជន ២២លាននាក់មួយនេះបានញាំញីអស់រយៈពេលជាច្រើនខែ ដោយសារការដាច់ចរន្តថាមពលអគ្គិសនី កង្វះស្បៀងអាហារ និងប្រេងឥន្ធនៈធ្ងន់ធ្ងរ និងអតិផរណាខ្ពស់នៅក្នុងភាពចលាចលដ៏ធ្ងន់ធ្ងរបំផុត។ កាលពីថ្ងៃទី១ ខែមេសា លោកប្រធានាធិបតី Gotabaya Rajapaksa បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយផ្ដល់អំណាចដល់កងកម្លាំងសន្តិសុខអាចចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យទាំងឡាយបានបន្ទាប់ពីការតវ៉ាដ៏ធំ។ កាលពីថ្ងៃទី៣ ខែមេសា ការលាលែងពីតំណែងស្ទើរតែទាំងអស់ របស់គណៈរដ្ឋមន្ត្រីស្រីលង្កានៅកិច្ចប្រជុំពេលយប់ បានទុកឲ្យលោកប្រធានាធិបតី Rajapaksa និងបងប្រុសរបស់លោកដែលជានាយករដ្ឋមន្ត្រីគឺលោក Mahinda Rajapaksa ឯកា។ នៅថ្ងៃទី៥ ខែមេសា បញ្ហារបស់ប្រធានាធិបតី Rajapaksa កាន់តែដុនដាបខ្លាំង ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Ali Sabry បានលាលែងពីតំណែង មួយថ្ងៃបន្ទាប់ពីលោកត្រូវបានតែងតាំង។ កាលពីថ្ងៃទី១០ ខែមេសា ក្រុមវេជ្ជបណ្ឌិតរបស់ស្រីលង្កានិយាយថា ពួកគេជិតអស់ឱសថជួយសង្គ្រោះជីវិតមនុស្សហើយ ដោយព្រមានថា វិបត្តិនោះអាចសម្លាប់មនុស្សកាន់តែច្រើនជាងវីរុសកូរ៉ូណាទៅទៀត។

នៅថ្ងៃទី១២ ខែមេសា រដ្ឋាភិបាលបានប្រកាសថា ខ្លួនកំពុងខកខានការសងបំណុលបរទេសចំនួន ៥១ពាន់លានដុល្លារអាមេរិកជាដំណាក់កាលចុងក្រោយ បន្ទាប់ពីអស់ទុនបម្រុងរូបិយប័ណ្ណបរទេសក្នុងការនាំចូលមុខទំនិញចាំបាច់។ នៅថ្ងៃទី១៩ ខែមេសា នគរបាលបានសម្លាប់អ្នកតវ៉ាម្នាក់ជាលើកដំបូង ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេលជាច្រើនសប្ដាហ៍។ មនុស្ស ៩នាក់បានស្លាប់ និងរាប់រយនាក់រងរបួសក្នុងការវាយប្រហារសងសឹក ដែលកើតមានក្រោយហ្វូងមនុស្សដាក់គោលដៅអ្នកដែលទទួលខុសត្រូវ សម្រាប់អំពើហិង្សាទាំងនោះ និងដុតបំផ្លាញលំនៅឋានរបស់ក្រុមអ្នកនយោបាយមួយចំនួន។ លោក Mahinda Rajapaksa បានលាលែងតំណែងជានាយករដ្ឋមន្ត្រី និងត្រូវបានជួយដោយទាហាន បន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់សម្រុកចូលវិមានរបស់លោកនៅក្នុងទីក្រុង Colombo។ នៅថ្ងៃទី១០ ខែមេសា ក្រសួងការពារជាតិបានបញ្ជាឲ្យទាហានបាញ់សម្លាប់ ជនណាដែលពាក់ព័ន្ធក្នុងករណីលួចប្លន់ ឬបង្កគ្រោះថ្នាក់ដល់ជីវិត។ ថ្ងៃទី១០ ខែមិថុនា អង្គការសហប្រជាជាតិបានព្រមានថា ស្រីលង្កាកំពុងប្រឈមវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ដែលមនុស្សរាប់លាននាក់ត្រូវការជំនួយជាចាំបាច់រួចទៅហើយ។ នៅថ្ងៃទី២៧ ខែមិថុនា រដ្ឋាភិបាលបាននិយាយថា ស្រីលង្កាជិតអស់ប្រេងឥន្ធនៈ និងផ្អាកការលក់ប្រេងទាំងអស់ លើកលែងតែសេវាកម្មចាំបាច់។
នៅថ្ងៃទី១ ខែកក្កដា រដ្ឋាភិបាលបានបញ្ចេញទិន្នន័យបង្ហាញពីអតិផរណា បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែទី៩ ជាប់គ្នា មួយថ្ងៃបន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិស្នើឲ្យស្រីលង្កាព្យាយាមទប់ការឡើងតម្លៃ។ នៅថ្ងៃទី៩ ខែកក្កដា លោកប្រធានាធិបតី President Rajapaksa បានរត់គេចខ្លួនពីវិមានផ្លូវការរបស់លោកនៅក្នុងទីក្រុង Colombo ដោយមានការជួយពីកងទ័ពភ្លាមៗមុនក្រុមបាតុករសម្រុកចូលវិមាននោះ។ នៅថ្ងៃទី១៣ ខែកក្កដា លោកប្រធានាធិបតី Rajapaksa បានឡើងយន្តហោះយោធាចេញដំណើរទៅកាន់ប្រទេសកោះ Maldives អមដំណើរដោយភរិយារបស់លោក និងអង្គរក្ស ១នាក់។ បន្ទាប់ពីប្រធានាធិបតីស្រីលង្ការត់គេចខ្លួនចេញពីប្រទេសនេះកាលពីព្រឹកថ្ងៃពុធ ប៉ុន្មានម៉ោងមុនការសន្យាលាលែងពីតំណែងរបស់លោក ក្រុមបាតុកររាប់ពាន់នាក់បានទាមទារឲ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែងដែរ ដោយប្រមូលផ្ដុំគ្នានៅខាងក្រៅការិយាល័យរបស់លោក និងបានសម្រុកចូលក្នុងបរិវេណនោះ ខណៈពួកគេបានចូលទៅកាន់អគារផ្លូវការផ្សេងទៀតក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕
អត្ថបទ៖ សុខមាន