ទួរគី៖ អង្គការសហប្រជាជាតិបានរាយការណ៍ពីជំហានឆ្ពោះទៅមុខ ក្នុងកិច្ចពិភាក្សាទល់មុខគ្នាដោយផ្ទាល់លើកដំបូងក្នុងរយៈពេលជាច្រើនខែមកនេះរវាងរុស្ស៊ី និងអ៊ុយក្រែនស្តីពីផែនការបើកច្រកនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។

មន្ត្រីមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន និងទួរគី រួមទាំងបេសកជនអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃពុធ នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី ដើម្បីពិភាក្សាអំពីផែនការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅកាន់ទីផ្សារពិភព លោកតាមច្រកសមុទ្រខ្មៅ។ អ៊ុយក្រែនជាប្រទេសនាំចេញស្រូវសាលី ពោត និងប្រេងផ្កាឈូករ័ត្នធំបំផុតមួយរបស់ពិភពលោក។ សង្គ្រាមធ្វើឲ្យបានជាប់គាំងគ្រាប់ធញ្ញជាតិប្រមាណ 22លានតោននៅក្នុងប្រទេសអ៊ុយក្រែន ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន និងឡើងថ្លៃតម្លៃស្បៀងអាហារពិភពលោក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃពុធបានរាយការណ៍ពីភាពរីកចម្រើននេះដែរ លើកិច្ចពិភាក្សានៅក្នុងប្រទេសទួរគី ដើម្បីអនុញ្ញាតឱ្យមានការនាំចេញផលិតផលកសិកម្ម ពីប្រទេសរបស់លោកតាមរយៈសមុទ្រខ្មៅ។ លោកបាននិយាយថា គណៈប្រតិភូអ៊ុយក្រែនបានរាយការណ៍មកលោកថា មានការរីកចម្រើនក្នុងកិច្ចពិភាក្សានេះ។ លោក Zelenskyy បានអរគុណចំពោះអង្គការសហប្រជាជាតិ និងប្រទេសទួរគីសម្រាប់ការខិតខំប្រឹងប្រែងនេះ។ ជោគជ័យនៃការនាំចេញគ្រាប់ធញ្ញជាតិគឺចាំបាច់មិនត្រឹមតែរដ្ឋរបស់យើងនោះទេ ហើយប្រសិនបើការគំរាមកំហែងរបស់រុស្ស៊ី ចំពោះការដឹកជញ្ជូននៅសមុទ្រខ្មៅអាចត្រូវបានដកចេញ នោះវានឹងបន្ធូរបន្ថយវិបត្តិស្បៀងអាហារធ្ងន់ធ្ងរពិភពលោក៕
អត្ថបទ៖ ប៊ុនថន